ភ្នំពេញ៖ ថ្មីៗនេះមានប្រភពបង្ហើបមកថា តារាចម្រៀង និងជាកវីនិពន្ធរូបសង្ហាប្រចាំ នៅផលិតកម្ម ថោន លោក ណាំ ប៊ុណ្ណារ័ត្ន គេបានឃើញបណ្តើរនារីវ័យក្មេងម្នាក់ ដើរសំដៅទៅចូលក្លឹបរាត្រីមួយកន្លែង ក្នុងក្រុងភ្នំពេញ ហាក់ដូចមានភាពសិ្នទ្ធស្នាលនឹងគ្នា ខុសប្លែកពីធម្មតា នឹងត្រូវបានគេដាក់ការសង្ស័យថា នារីវ័យក្មេងរូបនោះ ជាគូស្នេហ៍របស់លោក។

តារាចម្រៀងមានទេពកោសល្យ លើការងារសិល្បៈច្រើនមុខ លោក ណាំ ប៊ុណ្ណារ័ត្ន ត្រូវបានមជ្ឈដ្ឋានទូទៅ ស្គាល់យ៉ាងច្បាស់ថា គឺជាតារាចម្រៀងដែលមាន ទឹកដមសំឡេងពីរោះ និងមានរូបស្រស់សង្ហា។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាកវីនិពន្ធបទភ្លេង ដ៏ល្បីល្បាញមួយរូប និងជាស្ថានិកក្នុងស្ថាប័នរដ្ឋ នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈទៀតផង។

បើទោះបីជាមហាជន ធ្លាប់បានដឹងថា អាជីពសិល្បៈរបស់លោក ណាំ ប៊ុណ្ណារ័ត្ន កំពុងមានដំណើរការ ជោគជ័យ ទៅមុខយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលចុងក្រោយនេះក៏ពិតមែន តែគេពុំដែលបានដឹងឡើយ អំពីរឿងរ៉ាវជីវិតឯកជនក្រៅ របស់តារាប្រុសរូបនេះ ទាក់ទងនឹងការសាងសម្ព័ន្ធភាពស្នេហា ណាមួយនោះឡើយ។ ទើបតែអំឡុងពេលថ្មីៗនេះ ក៏មានព័ត៌មានលេចមកថា តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន បានបង្ហាញសញ្ញាស្នេហ៍ ជាមួយនារីវ័យក្មេងរូបស្រស់ម្នាក់។

បើតាមប្រភពពីមជ្ឈដ្ឋានខាងក្រៅ បាននិយាយថា កាលពីថ្មីៗនេះ គេបានឃើញលោក ណាំ ប៊ុណ្ណារ័ត្ន បង្ហាញវត្តមាននៅក្នុងក្លឹបកំសាន្តរាត្រី មួយកន្លែងក្នុងរាជធានីភ្នំពេញ ហើយអ្វីដែលធ្វើគេចាប់អារម្មណ៍ ជាងគេនោះ គឺមាននារីវ័យក្មេងស្រស់ស្អាត់ ម្នាក់ដើរតាមយ៉ាងប្រកៀក និងមានភាពស្និទ្ធស្នាល ជាមួយតារាប្រុសរូបនេះ ទើបគេសន្និដ្ឋានថា នារីម្នាក់នោះ អាចជាគូស្នេហ៍របស់លោក ណាំ ប៊ុណ្ណារ័ត្ន។

ប្រភពដដែលបានលើកឡើងថា ក្នុងដំណាក់កាលនេះ ទំនងជា លោក ណាំ ប៊ុណ្ណារ័ត្ន អាចនឹងកំពុងតែ ចាប់ផ្តើមសាងជីវិតស្នេហា ជាមួយនារីវ័យក្មេងខាងលើនេះ។ ប៉ុន្តែគេក៏មិនបានដឹងច្បាស់ទេថា តើនារីម្នាក់នោះ និងលោក ណាំ ប៊ុណ្ណារ័ត្ន បានចាប់ផ្តើមស្គាល់គ្នាតាំងពីពេលណាមកទេ គឺគ្រាន់តែមានការសង្ស័យ ទៅលើអ្នកទាំងពីរថា ជាការចាប់ផ្តើមជីវិតស្នេហាដំបូង ។

នៅរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៤នេះ គេហទំព័របានព្យាយាមទាក់ទង ដើម្បីសុំ ការបំភ្លឺ ដោយផ្ទាល់មាត់ ពីសំណាក់តារាចម្រៀងក្នុងផលិតកម្ម ថោន លោក ណាំ ប៊ុណ្ណារ័ត្ន តាមទូរស័ព្ទ ប៉ុន្តែនៅ ពេលទំនាក់ទំនងចូលហើយ គ្មានអ្នកទទួល។ ដូច្នេះ ស្វាគមន៍ចំពោះការ ចេញមុខបកស្រាយពី លោក ណាំ ប៊ុណ្ណារ័ត្ន នៅពេលក្រោយ៕

width=600

width=600

width=600

width=600

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល