ភ្នំពេញៈ បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយ ពីភាពហ៊ឺហាររបស់ តារាសម្តែងល្បីឈ្មោះ ដែលជាកូនស្រីរបស់ថៅកែ ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន គឺកញ្ញា ភិន សុដាលីស ដោយនាងបានអួតប្រាប់គេឯងថា ឪពុកជាទីស្រលាញ់ត្រៀមឲ្យនាង និងអនាគតស្វាមី នូវផ្ទះវីឡាដ៏ស្កឹមស្កៃមួយ សម្រាប់ជាចំណងដៃ សាងសុភមង្គល ដល់កូនទាំងពីរក្រោយពេលរៀបការរួច ។ ប៉ុន្តែដំណឹងនេះបែរ ត្រូវបានមហាជនមួយចំនួន ធ្វើការរិះគន់ថា នាងសម្ញែង ភាពហ៊ឺហារ អួតហួសប្រមាណ ដើម្បីទាក់ទាញប្រជាប្រិយភាព និងការកោតសរសើរពីមហាជន។

ទស្សនិកជនធ្លាប់ស្គាល់ស្រីស្អាត ភិន សុដាលីស តាមរយៈការសម្តែងរឿង ឆ្អែតចិត្ត ,រលកបោកខ្សាច់, អច្ឆរិយស្នេហ៍,ពេជ្រក្នុងបេះដូងនិងរឿង អព្ភូតហេតុស្នេហ៍ បានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការ ជាមួយកំឡោះសង្ហា និងជាតារាសម្តែងដូចគ្នា លោក ប៉ែន តុលា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ ដោយនាងមាន គម្រោងរៀបការ នៅចុង ឆ្នាំ២០១៣នេះ ថែមទៀតផង។

បើតាមប្រភពពីអ្នកសិល្បៈដូចគ្នា ក៏ដូចជាអ្នករស់នៅជិតខាង បានបង្ហើបប្រាប់ឲ្យដឹងថា កញ្ញា ភិន សុដាលីស បានអួតក្តែងៗថាពេលនេះ នាងកំពុងតែត្រៀមខ្លួនធ្វើជាកូនក្រមុំម្នាក់ ដែលមានសំណាង ដែលបានអនាគតស្វាមី ទាំងស្រស់សង្ហាកូនអ្នកមាន ដែលត្រៀមចូលរោងការនៅចុងឆ្នាំ ២០១៣នេះ។ មិនតែប៉ុណ្ណោះ នាងក៏កំពុងតែត្រៀមខ្លួន ធ្វើជាអ្នកមានរស់នៅ លើគំនរមាសប្រាក់ ដែលឪពុកម្តាយទាំងសងខាង ចងដៃនៅក្នុងថ្ងៃរៀបការ ដែលសរុបទាំងអស់ប្រហែលជាជិតកន្លះលានដុល្លារ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ពេលនេះឪពុករបស់ កញ្ញា ភិន សុដាលីស គឺលោក អ៊ិន សុភិន កំពុងតែត្រៀមចំណងដៃ មិនតិចជាងកន្លះលានដុល្លារទេ សម្រាប់ឲ្យ កូនស្រីសំណព្វចិត្តក្រោយថ្ងៃរៀបការ ។ មិនតែប៉ុណ្ណោះ ការរៀបចំថ្ងៃមង្គលការ របស់កូនស្រីគាត់ (អ៊ិន សុភិន) ក៏ត្រៀមថវិកា មិនតិចជាង១០ម៉ឺនដុល្លារដែរ ក្នុងការរៀបចំកម្មវិធីឲ្យអធិកអាធម ស័ក្តិសមនឹងកិត្តិយស របស់គ្រួសារគាត់ និងគ្រួសារខាងប្រុស ដែលសុទ្ធសឹងតែ ជាអ្នកមានទ្រព្យស្តុកស្ដម្ភ។

សូម្បីតែអនាគតស្វាមីនាង ក៏កំពុងតែត្រៀមទិញរថយន្តថ្មី ឲ្យអនាគតភរិយា ដែលមានតម្លៃប្រមាណជិត ១០ម៉ឺនដុល្លារ មុនថ្ងៃរៀបការថែមទៀតផង ។ មិនតែប៉ុណ្ណោះឪពុកម្តាយ ខាងប្រុសក៏កំពុងតែត្រៀម ទ្រព្យសម្បតិ្តជាច្រើន សម្រាប់ចងដៃកូនប្រុសស្រី ក្នុងថ្ងៃរៀបការផងដែរ ដែលតាមការបង្ហើបប្រាប់ ពីប្រភពអ្នកជិតខាង ចំណងដៃសម្រាប់គូស្វាមី វ័យក្មេងនៅក្រោយថ្ងៃរៀបការ គឺអាចទទួលបានជិតកន្លះលានដុល្លារ។

ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងនេះដែរ LookingTODAY បានព្យាយាមទាក់ទង ទៅលេខទូរស័ព្ទរបស់ស្រីស្អាតរូបស្រស់ កញ្ញា ភិន សុដាលីស ដើម្បីឲ្យបកស្រាយ ពីព័ត៌មាននេះ តែមិនសម្រេច ទោះបីជាយ៉ាងណា LookingTODAY ក៏រង់ចាំទទួល យកការចេញមុខបកស្រាយជុំវិញ ព័ត៌មាននេះ ពីនាងដោយក្ដីរីករាយ៕

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល