តារាចម្រៀងរូបសង្ហារ មានមន្ដស្នេហ៍ លោក អេឡិច ចាន់ត្រា បានចាប់ដៃគូជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ចេញទៅសំដែងនៅ កាណាដា ក្រោមការធានាពីសមាគមមួយនៅប្រទេសនេះ។

លោក អេឡិច ចាន់ត្រា តារាចម្រៀងកំពុងល្បីឈ្មោះនៅកម្ពុជា និងជាអតីតសិស្ស និងជាគ្រូបង្រៀនភាសាចិនមួយរូប នៅវិហារពុទ្ធសាសនាចិនមួយកន្លែង បានប្រាប់ Camnews កាលពីព្រឹកថ្ងៃទី ៣០សីហានេះថា លោកនឹងចេញទៅសំដែង និងច្រៀងនៅប្រទេស កាណាដា នៅចុងខែកញ្ញា ឆ្នាំ ២០១២ ខាងមុខ។

នៅក្នុងការសំដែងនៅក្រៅប្រទេសនេះ លោក អេឡិច ចាន់ត្រា ប្រាប់ថា នឹងចាប់ដៃគូជាមួយកញ្ញា ឱក សុគន្ធកញ្ញា ហើយអ្នកទាំងពីរនឹងចំណាយពេល ១ខែពេញ ដើម្បីសំដែងនៅទីនោះ។

គេសង្កេតឃើញថា នៅក្នុងរយៈពេលចុងក្រោយនេះ លោក អេឡិច ចាន់ត្រា ហាក់ដូចជាមានទំនាក់ទំនងមនោសញ្ចេតនាជាមួយនឹងស្រីស្អាតជាច្រើន បន្ទាប់ពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយតារាចម្រៀង ឆៃលីដាឡែន ហាក់ដូចត្រូវបានកាត់ផ្ដាច់ទាំងស្រុងមកនោះ៕
ដោយ ៖ សូរីយ៉ា