ភ្នំពេញ៖ បុរសទំនើងវ័យជាង ៣០ឆ្នាំម្នាក់ អួតខ្លួនជាអង្គរក្សលោកធំ និងបានប្រកាសក្តែងៗថា ខ្លួនមានឈ្មោះ ពេជ្រ អារុណ ជាមន្ត្រីយោធាផងនោះ បានមកផឹកស៊ីរួមជាមួយ បក្សពួក៥ទៅ៦នាក់ នៅក្នុងហាង  មួយកន្លែងមានឈ្មោះថា    ខ្ទមស្នេហ៍សុខសាន្ត   នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន    បានធ្វើការអុកឡុក   បោកកែវ  និង  ស្រែកឡូឡា  ពេញហាងផឹកស៊ីរបស់គេ បណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅម្តុំនោះ មកចោមរោមមើល ។

មូលហេតុដែលនាំឲ្យមាន ជម្លោះភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋកាលពីយប់មិញនេះ បើតាមបុគ្គលិក   ជាអ្នកបម្រើការងារ   នៅក្នុងហាងមានជម្លោះនោះ បានរៀបរាប់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា  នៅវេលាម៉ោងប្រមាណជា ៨៖៣០ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ មានបុរសវ័យជាង ៣០ឆ្នាំ ម្នាក់  ដែលគេអះអាងថា  ជាជនបង្កជម្លោះ រួមមានគ្នាប្រមាណជា៥ ទៅ ៦នាក់បានមកផឹកស៊ី លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែក្រុមបង្កជម្លោះនោះ បានបោកកែវ១ ហើយពេលនោះម្ចាស់ហាង បានមកសួរនាំ ។ ខណៈនោះស្រាប់តែមានបុរសម្នាក់ ដែលអួតខ្លួនថា ជាអង្គរក្សលោកធំ និង ជាយោធាផងនោះ  បានចេញមុខមកកាង   ហើយបានបោះពាក្យសំដីធ្ងន់ៗ មកលើម្ចាស់ហាង ។

ខណៈនោះម្ចាស់ហាង មិនចង់ឲ្យមានបញ្ហានៅក្នុង  ហាងក៏ឲ្យក្រុមនោះគិតលុយចេញ ពីហាងរបស់ខ្លួន តែពេលនោះបុរសម្នាក់ដែលប្រកាសខ្លួនថា ជាអង្គរក្សលោកធំ និង បានប្រាប់គេឯងថាខ្លួនឈ្មោះ ពេជ្រ អារុណ នោះបានមករករឿង និងអុកឡុកពេញហាងរបស់គេ និងថែមទាំងហៅម្ចាស់ហាង មកវាយគ្នាទៀតផង ។

ក្នុងហេតុការណ៍នោះ   គេបានឃើញសមត្ថកិច្ចមូលដ្ឋាន   បានចុះមកដល់កន្លែងភ្លាមៗ ដើម្បីសម្របសម្រួល តែបុរសទំនើងរូបនោះ ហាក់ដូចជាមិនស្តាប់ និងខ្លាចសមត្ថកិច្ចមូលដ្ឋានបន្តិចឡើយ ហើយថែមទាំងបោះសម្តីមើលងាយដល់កងកម្លាំងសមត្ថកិច្ចទៅអន្តរាគមន៍ទៀតផង។

បើទោះបីជាសមត្ថកិច្ចមូលដ្ឋាន  បាននិយាយបែបណា ក៏បុរសទំនើងរូបនោះ និង បក្សពួកនៅតែមក   ចង់វាយម្ចាស់ហាងដដែល។ តែបន្តិចក្រោយ   មកជនទំនើងរូបនោះ   ក៏បានឡើងជិះរថយន្តម៉ាកកាមរី ដែលមានស្លាក់លេខ ភ្នំពេញ 2L 4316 ទៅបាត់តែបន្តិចក្រោយមកស្រាប់តែជននោះត្រឡប់ មករករឿងម្តងទៀតហើយថែមទាំងនាំបក្សពួកម្នាក់ទៀតមករករឿងនៅហាងរបស់គេម្តងទៀត។

ពេលនោះក៏មានការឃាត់ឃាំង ពីសមត្ថកិច្ចមូលដ្ឋានបឹងកេងកង៣  ដើម្បីកុំឲ្យជនទំនើងទាំងនោះបង្កជម្លោះបន្តទៀត តែទោះជាយ៉ាងណា បុរសទំនើងនោះកាន់តែខ្លាំងដៃមិនស្តាប់សមត្ថកិច្ចមូលដ្ឋានបន្តិចឡើយព្រោះតែអាងខ្លួនជាអង្គរក្សលោកធំ ខណៈនោះកងកម្លាំង អ.ហ ក្រុង បានមកភ្លាមៗ នៅកន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនបុរសទំនើងរូបនោះ រួមជាមួយបក្សពួកម្នាក់ទៀត យកទៅខណ្ឌតែម្តងភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ ។

តែទោះជាយ៉ាងណា គេមិនទាន់នៅឡើយទេថា បុរសដែលអួតខ្លួនជាអង្គរក្សលោកធំ និង ជាមន្ត្រីយោធា  ដែលបង្កជម្លោះនៅក្នុង  ហាងផឹកស៊ីរបស់គេ ហើយថែមទាំងបបួល ម្ចាស់ហាងមកវាយគ្នានោះ ត្រូវបានសមត្ថកិច្ចដោះស្រាយ យ៉ាងណានៅឡើយនោះទេ ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល