នៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី ១៧ឧសភា នៅលើស្ពាន Serepok(ផ្លូវជាតិលេខ ១៤) ស្ថិតក្នុងតំបន់របស់ក្រុង Buon Ma Thuot (ក្នុងខេត្ត Dak Lak ប្រទេសវៀតណាម) មានគ្រោះថ្នាក់រថយន្ដដ៏គួរអោយរន្ធត់មួយបានកើតឡើង បណ្ដាលអោយមនុស្សជាង ៣០នាក់បាត់បង់ជីវិត និងជាង ២០នាក់ផ្សេងទៀតរងរបួសធ្ងន់។
/
ក្នុងខណៈពេលខាងលើ រថយន្ដដឹកភ្ញៀវ BKS 47V - 2371 មួយគ្រឿង កំពុងធ្វើដំណើរពីក្រុង Buon Ma Thuot ទៅកាន់ក្រុងហូជីមិញ ក៏ស្រាប់តែបានបុកទៅនឹងបង្កាន់ដៃស្ពាន រួចធ្លាក់ចូលទៅក្នុងទន្លេ Serepok នោះតែម្ដង។
បន្ទាប់ពីគ្រោះថ្នាក់នេះកើតឡើងភា្លម ប្រជាជនដែលនៅក្បែរកន្លែងកើតហេតុ រួមជាមួយនឹងក្រុម

អ្នកជួយសង្គ្រោះបន្ទាន់ក៏បានវាយបំបែកកញ្ចក់រថយន្ដ និងយកអ្នករងគ្រោះចេញពីរថយន្ដ។ អ្នកដំណើរទាំងអស់នៅក្នុងរថយន្ដ សុទ្ធតែមានរបួសធ្ងន់ អ្នកខ្លះក៏បានបាត់បង់ជីវិតក្នុងពេលនោះ។

រហូត​មកទល់នឹងវេលាម៉ោង ២ និង ៤៥នាទីរំលងអាធ្រាត្រ ថ្ងៃទី ១៨ ឧសភា មន្ទីរពេទ្យពហុព្យាបាល Dak Lak បានទទួលអ្នករងគ្រោះចំនួន ២០នាក់(ក្មេង ៤នាក់) ក្នុងនោះមានពីរនាក់បានស្លាប់ខណៈពេលបានបញ្ជូនមកដល់មន្ទីរពេទ្យ ខណៈដែលនៅក្នុងសាលដាក់សាកសពរបស់មន្ទីរពេទ្យមានអ្នកស្លាប់ ២៩នាក់ត្រូវបានដឹកពីកន្លែងកើតហេតុ។

/
បច្ចុប្បន្ន មូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបាននគរបាលមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT