កាសែតអឺរ៉ុបជាច្រើន បានរាយការណ៍ថា បណ្ដាម៉ូដែលទូរស័ព្ទបុរាណ ដូចជា Nokia, Ericsson, Motorola ជាដើម កំពុងបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅអឺរ៉ុប ដោយសារតម្លៃរបស់វា ឡើងដល់ ១០០០អឺរ៉ូ (ជាង ១៤០០ដុល្លារអាមេរិក) ក្នុង ១គ្រឿង។

រូបរាងតូចច្រលឹង ថាមពលថ្ម អាចប្រើ ១សប្ដាហ៍ រួមនឹងភាពមាំមួន ដែលគេពិបាកនឹងកំទេច បានជួយឱ្យបណ្ដាទូរស័ព្ទចាស់ៗ ដូចជា Nokia, Ericsson, Motorola កំពុងក្លាយជាទំនិញក្ដៅៗ សម្រាប់អ្នកប្រើប្រាស់ដែលមានអារម្មណ៍ធុញទ្រាន់នឹងបណ្ដាម៉ូដែលស្មាតហ្វូន ដែលមានកម្មវិធីច្រើនហួស ស្ដើងហួស និងងាយខូច។ថ្វីបើពុំមានកម្មវិធីទាន់សម័យ ក៏ដូចជារូបរាងស្រស់ស្អាត Nokia 3310 ឬ Motorola StarTec130 មានត្រឹមតែមុខងារហៅទូរស័ព្ទ និងផ្ញើសារ តាមធម្មតា ប៉ុន្ដែ តម្រូវការនៃការប្រើប្រាស់ទូរស័ព្ទបុរាណនេះ កំពុងតែមានការកើនឡើង ហើយមានទូរស័ព្ទខ្លះ ត្រូវបានលក់ក្នុងតម្លៃខ្ពស់ ឡើងដល់ ១០០០អឺរ៉ូ នេះបើតាមរបាយការណ៍របស់កាសែតជាច្រើន នៅអឺរ៉ុប។ Djassen Haddad ម្ចាស់គេហទំព័រ vintagemobile.fr បានឱ្យដឹងថា ៖ “អតិថិជនមួយចំនួន មិនខ្វល់អំពីបញ្ហាតម្លៃប៉ុន្មាន។ ជាក់ស្ដែង ក្រុមហ៊ុនយើងខ្ញុំ មានម៉ូដែលទូរស័ព្ទចាស់ៗ ដែលមានតម្លៃជាង ១០០០ អឺរ៉ូ។ តម្លៃថ្លៃបែបនេះ គឺដោយសារថា មុននេះ បណ្ដាម៉ូដែលទូរស័ព្ទទាំងនោះ ត្រូវបានគេផលិតក្នុងបរិមាណតិច ដូច្នេះ ពេលនេះ គេពិបាកនឹងស្វែងរក”។ការជួញដូរបណ្ដាទូរស័ព្ទជំនាន់មុន ហាក់ដូចជាទីផ្សារតូចចង្អៀត ប៉ុន្ដែ ចាប់ពីឆ្នាំទៅមកដល់ពេលនេះ ការលក់ដូររបស់ Haddad គឺពិតជាទទួលបានជោគជ័យស្ទើរនឹកស្មានមិនដល់។ គ្រាន់តែរយៈពេល ពី ២ ទៅ ៣ឆ្នាំកន្លង Haddad បានលក់ចេញនូវទូរស័ព្ទ “បុរាណ” ចំនួនជាង ១០០០គ្រឿង ហើយតម្លៃរបស់វា បានកើនឡើងជាបន្ដបន្ទាប់ ចាប់ពីឆ្នាំ ២០១៣។
លោក Haddad ថ្លែងថា ក្រុមអតិថិជនដែលមកស្វែងរកទិញទូរស័ព្ទជំនាន់ចាស់ ភាគច្រើន គឺជាក្រុមមនុស្សមានវ័យច្រើន ព្រោះពួកគេចូលចិត្តភាពសាមញ្ញ ចំណែកមនុស្សមួយចំនួនទៀត ចង់ប្រើប្រាស់ទូរស័ព្ទមួយបន្ថែមទៀត ដែលមានតម្លៃមិនថ្លៃ។ក្នុងចំណោមទូរស័ព្ទបុរាណដែលលក់ដាច់ជាងគេ នៅលើគេហទំព័ររបស់ Haddad មានដូចជា Nokia 8210 ហើយតម្លៃរបស់វា គឺប្រហែល ៨៣ដុល្លារ។

គួររំលឹកថា Nokia ធ្លាប់ជាក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតក្នុងពិភពលោក មុននឹង iPhone របស់ Apple និង Galaxy របស់ Samsung បង្កព្យុះភ្លៀង នៅលើទីផ្សារ។ ប៉ុន្ដែ ថ្មីៗនេះ ស្ថាប័នផលិតទូរស័ព្ទរបស់ Nokia ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Microsoft ព្រោះតែមិនអាចតាមទាន់នូវល្បឿនអភិវឌ្ឍនៃស្មាតហ្វូន។ ប្រការនេះហើយ បណ្ដាលឱ្យទូរស័ព្ទជំនាន់ “បុរាណ” របស់ Nokia មានឱ្យបង្ហាញខ្លួន ក្នុងតម្លៃថ្លៃ គួរឱ្យភ្ញាក់ផ្អើលបែបនេះ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ AFP/News.com.au