ដោយសារតែចង់សង្កត់ធ្ងន់ជាមួយមេរបស់ខ្លួន អំពីការសម្រេចចិត្តសុំលាឈប់ពីការងារ Marina Schifrin បានបង្កើតវីដេអូខ្លីមួយ ដែលបង្ហាញពីការរាំសប្បាយរបស់នាង។ វិដេអូខ្លីនេះ បានក្លាយជាទីទាក់ទាញយ៉ាងខ្លាំង នៅលើបណ្ដាញអ៊ីនធើរណិត។
Marina Schifrin កំពុងរាំយ៉ាងសប្បាយ
Marina Schifrin ដែលជាបុគ្គលិកគ្រប់គ្រងផ្នែកវិដេអូ (video editor) របស់ក្រុមហ៊ុន Next Media Animation នៅតៃវ៉ាន់ បានបង្កើតវីដេអូខ្លីនេះ នៅក្នុងករិយាល័យរបស់ក្រុមហ៊ុនដែលនាងបម្រើការ។ខ្លឹមសារនៃវីដេអូនេះ បង្ហាញអំពីមូលហេតុដែលនាំឱ្យអ្នកគ្រប់គ្រងផ្នែកវិដេអូ មកពីក្រុង New York រូបនេះ ចង់លាលែងពីមុខតំណែង។ Marina Schifrin សរសេរថា ៖ “ខ្ញុំធ្វើការឱ្យក្រុមហ៊ុនផលិតវីដេអូព័ត៌មាន។ ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ ខ្ញុំបានលះបង់ពេលវេលា កម្លាំង និងទំនាក់ទំនងនានារបស់ខ្ញុំ គឺដើម្បីតែការងារនេះ ចំណែកមេរបស់ខ្ញុំ គាត់យកចិត្តទុកដាក់ទៅលើតែចំនួនវីដេអូ និងចំនួនទស្សនិកជនដែលបានចូលមើលវីដេអូប៉ុណ្ណោះ” ។Schifrin បន្ដថា ៖ “ដូច្នេះ ខ្ញុំគិតថា ខ្លួនគួរតែធ្វើវីដេអូដោយឡែកមួយ ដើម្បីសង្កត់ធ្ងន់ទៅលើខ្លឹមសារ ជំនួសឱ្យការយកចិត្តទុកដាក់ទៅលើចំនួនអ្នកចូលទស្សនា និងដើម្បីឱ្យប្រធានរបស់ខ្ញុំដឹងថា ខ្ញុំនឹងលាលែងពីការងារ” ។ វីដេអូនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម YouTube កាលពីថ្ងៃទី ៣០កញ្ញា។ បន្ទាប់ពីរយៈពេលមួយថ្ងៃ ក្រោយការបង្ហោះ វីដេអូនេះ បានទាក់ទាញអ្នកចូលមើលច្រើនជាង ២២,០០០នាក់ និងមានការបញ្ចេញមតិរាប់រយលើក។
ដោយ ៖ តារា ប្រភព ៖ Youtube