រាជធានីភ្នំពេញ ៖ កញ្ញា លី ចាន់សីហា ជាតារាមួយដួងមានឈ្មោះបោះសំឡេងក្នុងចំណោមតារាល្បីៗជាច្រើន ។ គេមិនអាចបំភ្លេចបានទេ ទេពកោសល្យសំដែងរបស់កញ្ញាសីហា តាមរយៈខ្សែ ភាពយន្តដំបូងរបស់នាង គឺរឿង «កតញ្ញូ» របស់ផលិតកម្មខេមប្រូ និងរឿង «មរណៈមាតា» របស់ផលិតកម្មប្រាសាទពេជ្រភាពយន្ត ធ្វើឱ្យនាងទទួលបានការគាំទ្រ និងពេញនិយមបំផុតពីអ្នកទស្សនា។ ពេលនោះ នាងទើបតែមានអាយុ១៣ឆ្នាំប៉ុណ្ណោះ ។ # សំរាប់ឆ្នាំថ្មី២០១១ នេះ កញ្ញា លី ចាន់សីហា បង្ហាញនូវទេពកោសល្យថ្មីរបស់នាងតាមរយៈខ្សែរឿងភាគថ្មី គឺរឿង «វិញ្ញាណចាំជាតិ» ដែលនឹងចាក់ផ្សាយតាមរយៈទូរទស្សន៍មួយ នាពេលឆាប់ៗខាងមុខ ។ លី ចាន់សីហា និយាយថា ខ្សែភាពយន្តនេះ គឺជាស្នាដៃទី១ សំរាប់ឆ្នាំថ្មីហើយត្រូវដំណើរការថតនៅពាក់កណ្តាលខែមករា ដោយនាងសំដែងជាតួឯករួមជាមួយតួប្រុស គឺលោកជា ខេវិន ។ នាងមិនទាន់បានដឹងថា ពេលថតចប់រឿងភាគនេះ នឹងត្រូវចាក់ផ្សាយនៅស្ថានីយទូរទស្សន៍មួយណាទេ ។ ក្រៅពីថតរឿងថ្មីនេះ កញ្ញា លី ចាន់សីហា ក៏នឹងត្រៀមថតចំរៀងកាយវិការឱ្យផលិតកម្មក្រៅស្រុកមួយចំនួន ។កញ្ញា លី ចាន់សីហា បច្ចុប្បន្នមានអាយុ១៨ឆ្នាំ និងមានស្រុកកំណើតនៅរាជធានីភ្នំពេញ ។ នាងជាកូនច្បងក្នុងគ្រួសារ ។ នាងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី ១២ នៅវិទ្យាល័យបឹងត្របែក ហើយបច្ចុប្បន្នមិនបានបន្តការសិក្សាទេ ដោយសារជាប់រវល់ក្នុងការសំដែង និងមុខរបររកស៊ី។ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈចាប់តាំងពីឆ្នាំ២០០១ មកម៉្លេះ ដែលកាលណោះនាងចូលរួមសំដែងក្នុងកម្មវិធីកុមារឈ្មោះថា “I Can do” ដែលរៀបចំដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ។ ដោយសារភាពប៉ិនប្រសប់ និងនិស្ស័យពីធម្មជាតិធ្វើឱ្យការសំដែងរបស់នាងមានលក្ខណៈរស់រវើក ។ អាស្រ័យដោយមើលឃើញទេពសកោល្យសំដែងរបស់នាងនោះហើយ ទើបធ្វើឱ្យផលិតកម្មមួយចំនួនបានមកទំនាក់ទំនងដើម្បីឱ្យនាងទៅសំដែងជាបន្តបន្ទាប់ ហើយភាគច្រើននៃភាពយន្តដែលនាងសំដែងគឺទទួលបានជោគជ័យ ។ #ទាក់ទងជីវិតស្នេហារបស់កញ្ញា លី ចាន់សីហា វិញ នាពេលថ្មីៗនេះ មានគេចែចូវម្តងហើយ ប៉ុន្តែដោយសារការនិយាយមិនចុះសំរុងរវាងចាស់ៗទាំងសងខាង ទើបធ្វើឱ្យមានការផ្តាច់ពាក្យទៅ វិញ ។ រហូតមកដល់ពេលនេះនាងមិនទាន់មានគូប្រចាំចិត្តនៅឡើយទេ ហើយនាងនិយាយថា ទុកពេលសំដែងឱ្យបានយូរ ហើយម្យ៉ាងខិតខំពង្រឹងមុខរបរ ដើម្បីរកលុយឱ្យបានច្រើនសំរាប់ផ្គត់ផ្គង់គ្រួសារ និងសាងអនាគត ៕

