នៅក្នុងសម័យថ្មីនេះ ការស្វែងរកបុរសល្អគឺហាក់ដូចជាមានការលំបាកណាស់ចំពោះនារីទាំងឡាយ។ ដូច្នេះ គេហទំព័រ ណាត់ជួបគ្នា មួយរបស់បារាំង បានរកឃើញវិធីល្អមួយដើម្បីតភ្ជាប់ភាគីបុរស និងភាគីស្ដ្រី អោយបានជួបគ្នា។
គេហទំព័រ AdopteUnMec.com (AdoptAGuy.com) បានបើកហាងមួយដែលក្នុងនោះ បុរសត្រូវបានគេដាក់នៅលើធ្នើដូចទំនិញ ដើម្បីអោយអ្នកទិញអាចជ្រើសរើសតាមចិត្ត។
ហាងលក់បុរសនេះនឹងត្រូវបានបើកដំណើរការនៅប៉ារីស ក្នុងរយៈពេល ១០ថ្ងៃ មុនពេលបន្ដដំណើរទៅកាន់ Brussels(Belgium), Lausanne (Switzerland) រួមនិងទីក្រុងចំនួន ២ផ្សេងទៀតរបស់បារាំង គឺ Toulouse និង Lyon។
គួរបញ្ជាក់ថា AdoptAGuy.com គឺជាគេហទំព័រ ណាត់ជួបគ្នា មួយដែលអនុញ្ញាតអោយបុរសអាចផ្សាយ ឧទ្ទេសនាមខ្លួនឯង ដើម្បីអោយនារីទូទៅចាប់អារម្មណ៍។ AdoptAGuy.com ត្រូវគេស្គាល់ច្រើនចាប់តាំងពីបានបង្ហាញខ្លួន កាលពីឆ្នាំ ២០១០ ដោយមានមនុស្ស ២៥,០០០នាក់ បានចុះឈ្មោះជាសមាជិក ក្នុងឆ្នាំដំបូង៕