រាជធានីភ្នំពេញ ៖ វីដេអូភាគរឿង «នាងឈូកស»ដែលផលិតកម្មតារាវីដេអូ និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ សហការគ្នាថតចាប់ពី ដើមខែវិច្ឆិកា ឆ្នាំ២០១០ មក បានសំរេច៥០ភាគរយហើយ ។ លោកទិត ធារិទ្ធ ជាអ្នកដឹកនាំរឿង និងលោកហ៊ិន សំអឿន ជាជំនួយការឱ្យដឹងថា វីដេអូរឿង«នាងឈូកស» នេះមានចំនួន២៥ភាគ ។ ក្រុមការងារ និងអ្នកដឹកនាំរឿងសហការ គ្នាជាមួយសិល្បករ សិល្បការិនីថតយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ ។ រឿងនេះតំរូវឱ្យតួសំដែងនិយាយយកសំឡេងផ្ទាល់តែម្តង ។លោកហ៊ិន សំអឿន ឱ្យដឹងថា ការថតយកសំឡេងផ្ទាល់របស់តួនេះ មានការលំបាកខ្លាំងណាស់ តែដោយសារការសហការគ្នារវាងក្រុមបច្ចេកទេស និងតួសំដែងបានល្អ ទើបការថតបានរលូនទៅមុខ ។ រឿង «នាងឈូកស» ក្រុមការងារនិងតារាសំដែងបានខិតខំសហការគ្នាថតរយៈពេលជាង២ខែមកនេះ បានប្រមាណជា៥០ភាគរយហើយ ដោយត្រៀមនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ចាប់ពីថ្ងៃទី១៧ មករា ឆ្នាំ២០១១ តទៅ ។រឿង «នាងឈូកស» ជារឿងបែបមនោសញ្ចេតនាកំសត់ កំប្លែង លាយឡំទៅនឹងខ្សែជីវិត ពិតរបស់នារីម្នាក់រស់នៅក្នុងសំណង់អនាធិបតេយ្យ ហើយបានខិតខំតស៊ូរហូតដល់ជីវិតជោគជ័យ ទោះបីជាត្រូវជួបឧបសគ្គរាប់រយជំពូកក៏ដោយ ។ លោកហ៊ិន សំអឿន បន្តថា រឿង «នាងឈូកស» បានជ្រើសរើសទីតាំងថតនៅប្លុកសំណង់អនាធិបតេយ្យបុរីកីឡា និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងនៅតំបន់ទេសចរណ៍មួយចំនួនក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត ។តារាសំដែងក្នុងរឿងនាងឈូកសមានលោកចា រិទ្ធី លោកគង់ សុភី លោកវី វុទ្ធី កញ្ញានី មុន្នីនាថ កញ្ញាអាង សុនីតា និងកញ្ញាសួង សោភា ជាដើម។ លោកហ៊ិន សំអឿន បន្តថា រឿងនាងឈូកស ក៏មានឈុតឆាកអប់រំយុវជនឱ្យចេះសាមគ្គីគ្នា ស្រលាញ់គ្នា និងគិតពី ការសិក្សាជាធំ ដើម្បីមានអនាគតល្អ ៕