ព្រះសីហនុៈ មុខសញ្ញា ចោរឆក់យ៉ាងសកម្មម្នាក់ ដែលធ្វើសកម្មភាព អុកឡុកក្រុងទេសចរណ៍កន្លងមក ត្រូវ បាន សមត្ថកិច្ចនគរបាល ការិយាល័យកណ្តាល សន្តិសុខ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ធ្វើការ ឃាត់ ខ្លួនខណៈជនសង្ស័យរូបនេះ បានជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរ ជិះម៉ូតូឆ្លងថ្នល់ ត្រូវម៉ូតូគេបុក កាលពីវេលាម៉ោង ១៩ និង៤០នាទី យប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៣ នៅចំនុចក្បែររង្វង់មូលតោពីរ ឆ្នេរអូរ ឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងខេត្តព្រះសីហនុ។
លោកវរសេនីយ៍ឯក អ៊ុំ សំអុល ស្នងការរង និងជាប្រធាន ការិយាល័យកណ្តាលសន្តិសុខនៃ ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា យុវជនសង្ស័យដែលកម្លាំងរបស់លោក ធ្វើការឃាត់ ខ្លួននាពេលនេះ គឺជាមុខសញ្ញាឆក់ដ៏សកម្មបំផុត ប្រចាំខេត្តព្រះសីហនុ ដែលកម្លាំងរបស់លោក ធ្វើការតាមដាន ទាំងយប់ទាំងថ្ងៃ និងស្វែងរកចាប់ខ្លួន ជាយូរមកហើយ តែពុំដែលបានជួបប្រទះសោះ ទើបតែនៅយប់ថ្ងៃទី១៩ ខែកញ្ញា ខណៈកម្លាំងរបស់លោក ចេញល្បាតការពារសន្តិសុខ ហើយបានចូលទៅជួយសម្រួលចរាចណ៍ កកស្ទះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ក៏បានប្រទះឃើញ មុខសញ្ញាឆក់ បានលេចមុខនៅកន្លែងគ្រោះថ្នាក់ ចរាចរមួយនៅម្តុំតោពីរ ទើបឃាត់ខ្លួនបញ្ជូនមកកាន់ ស្នងការដ្ឋានទាំងយប់តែម្តង។
លោកបន្តថា យុវជនដែលជាជនសង្ស័យ មានឈ្មោះ ចាន់ លឹម ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅក្រុមទី១៩ ភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ តែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្ម ទៅលើ ជនរងគ្រោះ មិនថាភ្ញៀវទេសចរជាតិ និងអន្តរជាតិទេ ឲ្យតែមានឱកាស គឺឆក់សម្ភារភ្ញៀវទាំងអស់ នៅពេលដែល ភ្ញៀវទាំងនោះ ធ្វើដំណើរមកកម្សាន្ត នៅក្រុងទេសចរណ៍មួយនេះ ។ នៅពេលសមត្ថកិច្ច ស្វែងរកចាប់ខ្លួន ជន សង្ស័យរូបនេះ តែងតែគេចខ្លួនបានរហូត គឺសមត្ថកិច្ចមានការពិបាក ក្នុងការតាមចាប់ខ្លួនខ្លាំងណាស់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូង ខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯម៉ូតូជនសង្ស័យ ត្រូវបានសមត្ថកិច្ចចរាចរណ៍ យកទៅរក្សាទុក នៅ ការិយាល័យចរាចរណ៍ខេត្ត រួមជាមួយម៉ូតូ ដែលបានបុកគ្នានោះ៕



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល