ថ្មីៗនេះគេហទំព័រព័ត៌មាន CNBC បានបង្ហាញពីតារាងឈ្មោះ CEO ដែលទទួលបានប្រាក់បៀវត្សខ្ពស់បំផុតនៅអាមេរិច ហើយវាមិនមានអ្វីដែលចម្លែកនោះទេនៅពេលដែល CEO Tim Cook របស់ Apple កំពុងឈរលើលំដាប់ទីមួយនៅក្នុងតារាង។

តាម CNBC បានឲ្យដឹងថា CEO 52ឆ្នាំរូបនេះ ដែលចូលបម្រើការងារនៅ Apple កាលពីឆ្នាំ1998នៅចន្លោះរយះពេលចាប់ពីឆ្នាំ2007 រហូតដល់ឆ្នាំ2011 ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់គាត់គឺ 95 លានដុល្លារ។ នេះមា​នន័យថា ការដែលគាត់មកការិយាល័យធ្វើការ មួយថ្ងៃក៏គាត់រកលុយដាក់ក្នុងហោប៉ៅបានជាង 26 ម៉ឺនដុល្លារដែរ។ បច្ចុប្បន្នភាគហ៊ុនរបស់ Apple បានកើនថ្លៃ 32,56%បើប្រៀបនឹងឆ្នាំមុន ដែលរឿងនេះក៏ធ្វើឲ្យទ្រព្យសម្បត្តិរបស់ CEO រូបនេះកើនឡើងទ្វេដងផងដែរ។

/

Tim Cook, CEO របស់ Apple

ប្រភពចំណូលប្រចាំឆ្នាំនេះ ត្រូវបានគិតតាមរយះប្រាក់បៀវត្សប្រចាំខែ ប្រាក់រង្វាន់ ប្រាក់ភាគហ៊ុននិងប្រាក់ចំណូលដទៃផ្សេងទៀតរបស់ Tim Cook ដូចជាប្រាក់ធានារ៉ាប់រងជីវិត ការប្រាក់បានមកពីធនាគារជាដើម។

តាមស្ថិតិនេះ សូម្បីតែមហាសេដ្ឋី Larry Ellison – អ្នកមានលំដាប់ទី3 អាមេរិច ជាមួយទ្រព្យសម្បត្តិទាំងអស់ជាង 41 ពាន់លានដុល្លារ ក៏នៅមានប្រាក់ចំណូលប្រចាំឆ្នាំចាញ់ឆ្ងាយ​ បើប្រៀបជាមួយលោក Tim Cook គឺទទួលបានតែ 70 លានដុល្លារប៉ុណ្ណោះ។ ចំណែកអ្នកឈរលំដាប់ទី3 នៅក្នុងតារាង គឺបានទៅលើលោក Rob Johnson – អតីតបុគ្គលិករបស់ Apple ជាមួយប្រាក់ចំណូលប្រចាំឆ្នាំ53 លានដុល្លារ៕

ដោយ៖ សិលាប្រភព៖ k14