ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា ការទទួលអាហារពេលព្រឹក ដែលសំបូរសារជាតិប្រូតេអ៊ីនខ្ពស់ អាចកាត់បន្ថយការទទួលទាន អាហារដែលធ្វើឲ្យប៉ះពាល់ សុខភាពល្អនាពេលបន្ទាប់ ដែលនេះមានប្រសឹទ្ធភាព យ៉ាងប្រសើរនៅក្នុងការសម្រកទំងន់ សម្រាប់មនុស្សទូទៅ។
ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ Missouri បាននិយាយថាការសិក្សានេះ ត្រូវបានចូលរួមដោយស្រ្តី ដែលមានរូបរាងធាត់ជ្រុលចំនួន ២០នាក់ ដែលមានអាយុចាប់ពី ១៨ ទៅ២០ឆ្នាំ ដោយនៅក្នុងនោះ អ្នកខ្លះត្រូវឲ្យបង្អត់ អាហារពេលព្រឹក នឹងអ្នកខ្លះទៀត ត្រូវបានទទួលទានអាហារ ពេលព្រឹក ដែលមានជាតិប្រូតេអ៊ីនខ្ពស់ រួមមានពងមាន់ សាច់គោ ចំណែកឯអ្នកខ្លះទៀត ត្រូវឲ្យទទួលទាន អាហារពេលព្រឹកធម្មតា។ ហើយអាហារនីមួយៗ ត្រូវបានផ្ទុកដោយ កាឡូរីចំនួន ៣៥០ ។
ជាមួយគ្នានេះដែរ អ្នកដែលបានចូលរួម នៅក្នុងការសិក្សា ត្រូវឲ្យបំពេញលិខិតសំនួរចំលើយ ព្រមទាំងធ្វើការវាស់ សម្ពាធឈាមជារៀងរាល់ថ្ងៃ។
ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុង ទស្សនាវដ្តីរបបអាហារ បានរកឃើញថា ការទទួលទានអាហារពេលព្រឹក ដែលមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់អាចមិនធ្វើឲ្យឆាប់ឃ្លាន នៅពេលក្រោយឡើយ។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចកាត់បន្ថយ អាហារដែលឥតប្រយោជន៏ ជាច្រើន នៅពេលល្ងាច ដែលធ្វើឲ្យឡើងទំងន់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល