ភ្នំពេញៈ តារាកំប្លែងល្បីឈ្មោះ នាយ ចាបចៀន ថ្មីៗនេះត្រូវបាន ទស្សនិកជន មួយចំនួនបានសម្តែងការមិនពេញចិត្ត ចំពោះ ពាក្យពេចន៍ មិនសមរម្យការលេងពាក្យសំដី គន្លាស់លាយឡំជាមួយសំដីឈ្លើយ ខ្វះសីលធម៌មិនគិតពី ប្រពៃណីវប្បធម៌ខ្មែរទាល់តែសោះ។
បើតាមប្រភពពីទស្សនិកជន ដែលនិយមគាំទ្រ នាយ ចាបចៀន សុំមិនបញ្ចេញឈ្មោះបានទូរស័ព្ទមក Looking TODAY នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣នេះថា គាត់គឺជាអ្នកគាំទ្រតារាកំប្លែង សម្បូរប្រជាប្រិយភាព នាយ ចាបចៀន សូមសម្តែងការ មិនពេញចិត្ត ក្រោយពីគាត់បានទស្សនាកម្មវិធី ចាក់បញ្ចាំងទូរទស្សន៍មួយ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយគេសង្កេតឃើញលោកនិយាយ ពាក្យគន្លាស់មិនសមរម្យជាពិសេស ពាក្យសំដីទាំងអស់នោះ វាប៉ះពាល់កិត្តិយស របស់ស្ត្រីខ្មែរខ្លាំងណាស់ គាត់ពិតជារឹងខ្លួនណាស់ នៅពេលឮគាត់និយាយបែបនោះ ម្យ៉ាងវិញទៀតនៅពេលគាត់ មើលទូរទស្សន៍ជាមួយគ្រួសារ និងកូនស្រីក្រមុំហើយឮពាក្យសំដី មិនសម បែបនោះរឹងខ្លួនណាស់ ពិបាកទទួលយកខ្លាំងណាស់ ហើយភ្លាមៗនោះគាត់ក៏ប្តូរប៉ុស្តិ៍តែម្តងទៅ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងទៀតថា អ្វីដែលធ្វើឲ្យគាត់ហួសចិត្តនោះ គឺនៅពេលឮពាក្យសំដីមិនសមរម្យនោះ ពិធីករ-ពិធីការិនី មិនបានជួយសម្រួលឫ ក៏បង្វែររឿងនិយាយទេ បែរជានាំគ្នាសើចជាក់ស្តែងពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខណា ពេលឮ នាយ ចាបចៀន និយាយពាក្យគន្លាស់ ទាំងអស់នោះ នាងបែរជាសើចមិនឈប់ធ្វើឲ្យ តារាកំប្លែងរូបនោះ កាន់តែនិយាយជ្រៅទៅៗ រហូតធ្វើឲ្យគាត់ មិនអាចមើលទៀតបាន ក៏ប្តូរប៉ុស្តិ៍ទៅ ។
ក្នុងនោះដែលប្រភពខាងលើ ក៏បានផ្ញើរសារទៅដល់តារាកំប្លែង នាយ ចាបចៀន ថា “ក្នុងនាមខ្ញុំជាអ្នកគាំទ្រ និងចូលចិត្តគាត់ (ចាបចៀន) សុំសំណូមពរ ទៅដល់គាត់មុននិយាយអ្វី ត្រូវតែគិតមុនជាពិសេសពាក្យគន្លាស់ ព្រោះថាពាក្យខ្លះអាចធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសមនុស្សស្រីក្រមុំស្ត្រីខ្មែរ មានការអៀនខ្មាស់ខ្លាំងណាស់ ហើយពេល ក្មេងៗឮវាមិនល្អទេ ហើយក៏មិនមែនជារឿងអប់រំត្រូវនិយាយ ជាសាធារណៈដែរ ” ។
ថ្លែងប្រាប់ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣នេះ តារាកំប្លែងល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជា នាយ ចាបចៀន បានប្រាប់ឲ្យដឹងថា លោកទទួលយករាល់ការរិះគន់ ក្នុងន័យស្ថាបនាទាំងអស់ របស់មហាជនលោកមិនជំទាស់ទេ សម្រាប់ការសម្តែងជាពិសេស ការនិយាយកំប្លែង វាមិនល្អឥតខ្ចោះទេ តារាណាក៏ដូចតារាណាសំខាន់ នៅពេលមានការរិះគន់ យើងចេះកែតម្រូវតាមតែប៉ុណ្ណឹង។
នាយចាបចៀនបានប្រាប់ទៀតថា “ខ្ញុំសុំទោសរាល់កំហុសឆ្គង ដែលសម្តែងទៅធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍ទស្សនិកជនពេលខ្លះ កម្មវិធីមួយចំនួនថតទុក យកមកចាក់ផ្សាយ ហើយមានពេលខ្លះនិយាយទៅលេងសើចជ្រុល អ្នកបច្ចេកទេសក៏កាត់ចោលខ្លះ តែមានពេល ខ្លះក៏ មានកំហុសដាក់ បញ្ចាំងទៅធ្វើឲ្យប៉ះពាល់ អារម្មណ៍ទស្សនិកជនដែរ ” ។
តារាកំប្លែងរូបនេះបានប្រាប់បន្ថែមទៀតថា លោកទទួលស្គាល់ ចំពោះ ការរិះគន់ទាំងអស់ ដើម្បីយកមកកែប្រែស្ថាបនាខ្លួនដើម្បីសម្តែង ទៅ ឲ្យល្អហើយមួយវិញទៀត អ្នកសិល្បៈលេងឲ្យទស្សនិកជន មើលដូច្នេះបើមានភាពមិនពេញចិត្ត លោកទទួលយកមកអនុវត្ត កែសម្រួលជានិច្ច “សម្រាប់ពាក្យគន្លាស់ខ្ញុំ គ្រាន់តែនិយាយទៅគ្រាន់តែចង់ ឲ្យទស្សនិកជនសប្បាយតែប៉ុណ្ណោះ ខ្ញុំមិនគន្លាស់វានោះទេ ជាធម្មតា ពាក្យសំដីកំប្លែងវាតែងតែមានតិចតួច ហើយចំពោះពាក្យ សំដី មិនល្អ វាមិនអាចអត់សោះនោះទេ ” ៕


ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល