ភ្នំពេញ៖ តារាចម្រៀងដែលទើបតែរើកញ្ជើរ មកពីផលិតកម្ម M មកហង្សមាស សុខ សីឡាលីន ហាក់មានសំណាងជាងនាង គៀត សុវណ្ណឡាង ដែលត្រូវបានហង្សមាស ផ្អឹបទុកស្ទើរក្លាយជាម៉ាំខែប្រាំងទៅហើយ។ បទចម្រៀងរបស់នាងបួនបទ ត្រូវរៀបចំរួចស្រេច ដើម្បីវាយលុកទីផ្សារចម្រៀង ដែលនាងបានផ្អាកមួយខ្យល់ធំ និងជាការបើកទំព័រថ្មី ស្វាគមន៍២០១៣ ។ តែនាងហាក់មានសន្ទុះខ្សោយជាង សួស វីហ្សា ដែលត្រូវបានហង្សមាស ឡង់សេ បទចម្រៀងតាមរយៈ ខ្សែភាពយន្ត នៅកញ្ចក់ទូរទស្សន៍ ហង្សមាស វិទ្យុ ក៏ដូចជាថតកាយវិការួចជាស្រេច។

គេមិនទាន់អាចទស្សន៍ទាយបានទេថា នាងអាចទទួលប្រជាប្រិយភាព បានកម្រិតណាទេ ខណៈដែលនាងបានស្ងប់ស្ងាត់ តាំងពីនៅផលិតកម្ម អឹម ហើយហង្សមាស មានតារាដល់ទៅ១៦ដួង ជាផលិតកម្មដែលមាន តារាច្រើនបំផុតក្នុងស្រុកខ្មែរ ។ បើទោះបីហង្សមាសជាក្រុមហ៊ុនធំ គ្រឹះរឹងមាំ ក៏មិនប្រាដកថា អាចលើកស្ទួយ សុខ សីឡាលីន បានខ្ពស់ ដូចកាលផលិតកម្មនេះ មានតារាស្រីត្រឹមតែបី ឬបួននាក់ដែរ ។

ប្រភពពីក្នុងផលិត ហង្សមាស បាននិយាយប្រាប់ថា វ៉ុលថ្មីរបស់ សុខ សីឡាលីន ត្រូវចេញជាមួយវ៉ុលរបស់ សួស វីហ្សា យក់ ឋិតរដ្ឋា តែនាងហាក់ឡូយជាងគេ ដោយសារតែនាងមានបទ ជាភាសាអង់គ្លេស ២បទ និងខ្មែរ២បទ នេះ ជាចំណុចខ្លាំងរបស់នាង ព្រោះអ្នកក៏ដឹងថា សុខ សីឡាលីន ច្រៀងអង់គ្លេស ស៊ីដាច់គេ ។

បទចម្រៀងថ្មី របស់នាង ក្នុងផលិតកម្ម រស្មីហង្សមាស មានដូចជា cry me out , sway,បើអត់បង តើអ្នកណាស្រលាញ់អូន និងបទឈប់សិន ចេញរួមគ្នាជាមួយតារាចម្រៀងប្រុស ដែលទើបត្រូវបានកូរ៉េរិះគន់ រឿងលួចស្ទាយពីប្រទេសគេ ណុប បាយ៉ារិទ្ធ និង តារាចម្រៀងប្រុសខ្ពស់ សង្ហាសំឡេងស្រទន់ លោក ហ្សូណូ ផងដែរ។

អ្នកគាំទ្រ សុខ សីឡាលីន ហាក់សម្ដែងអារម្មណ៍ សប្បាយចិត្ត ពេលនាងមានបទថ្មី ចរាចរនៅលើទីផ្សារ បានរហ័សបែបនេះ ប្រសើរជាងកាលដែលនាងនៅ អឹម គឺយូរៗទើបចេញបានមួយបទ ហើយជាបទស្អុយទៀត ។ រង់ចាំមើលទាំងអស់គ្នាថា នាងទទួលបានប្រជាប្រិយភាពកម្រិតណា បើទ្រនំដែលនាងកំពុងជ្រកកោន ពោរពេញទៅដោយតារាស្រីខ្លាំងៗ ជាច្រើនដួងបែបនេះ ៕

/

width=498

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល