អ្នកអាន និងអធិប្បាយព័ត៌មានរបស់ទូរទស្សន៍ជាតិចិន CCTV បានជ្រុលមាត់ហៅ ហ្វីលីពីន ថាជា ទឹកដីដែលមិនអាចបំបែកចេញពីចិន ខណៈដែលប្រទេសទាំងពីរកំពុងមានភាពតានតឹងជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។
He Jia ស្ដ្រីអ្នកដឹកនាំកម្មវិធីព័ត៌មាន និងជាអ្នកអធិប្បាយនៃទូរទស្សន៍ជាតិCCTV របស់ចិន បាននិយាយជ្រុលមាត់នៅក្នុងការផ្សាយមួយកាលពីយប់ថ្ងៃទី ៧ឧសភា នេះបើតាមការអោយដឹងរបស់ AFP។ នាង He Jia ហាក់ដូចជាចង់និយាយថា កោះ Scarborough ដែលប្រទេសចិន និងហ្វីលីពីនកំពុងដណ្ដើមគ្នានោះ គឺជាផ្នែកមួយរបស់ចិន។

He Jia អ្នកអធិប្បាយព័ត៌មានរបស់ទូរទស្សន៍ CCTV
នៅក្នុងកម្មវិធីព័ត៌មាននាពេលនោះ នាង He Jia និយាយថា ៖ យើងសុទ្ធតែបានដឹងហើយថាហ្វីលីពីនគឺជាទឹកដីដែលមិនអាចបំបែកចេញពីប្រទេសចិន ហើយហ្វីលីពីនគឺជាកម្មសិទ្ធិរបស់ចិននេះគឺជាការពិតមិនអាចប្រកែកបាន។
វីដេអូដែលបង្ហាញពីការនិយាយជ្រុលនេះ ក្រោយមកត្រូវបានគេលុបចេញពីគេហទំព័ររបស់CCTV ប៉ុន្ដែវាត្រូវបានគេបង្ហោះ និងចែករំលែកនៅលើអ៊ីនធើរណែតរួចទៅហើយ។ ក្រុមអ្នកដឹកនាំរបស់ទូរទស្សន៍ CCTV បានបដិសេធការធ្វើអធិប្បាយអំពីការជ្រុលសំដីរបស់អ្នកដឹកនាំកម្មវិធីព័ត៌មាន នាង He Jia ព្រមទាំងមិនបានអោយដឹងថា តើទូរទស្សន៍នេះនឹងសំដែងការសុំទោសដែរ ឬអត់។

គួររំឭកថា ប្រទេសចិន និងហ្វីលីពីនបានប្រកាសរៀងៗខ្លួនស្ដីពីកម្មសិទ្ធិនៅលើកោះថ្មមួយ គឺ Scarborough។ ភាពតានតឹងបានផ្ទុះឡើងបន្ទាប់ពីហ្វីលីពីនប្រទះឃើញកប៉ាល់នេសាទត្រីរបស់ចិនចំនួន ៨ នៅក្បែរកោះ Scarborough ដែលមានចម្ងាយ ២៣០គម ភាគខាងលិចប្រទេសនេះ បន្ទាប់មកប្រទេសទាំងពីរបានបញ្ជូននាវា និងយន្ដហោះមកកាន់កោះនេះដើម្បីសំដែងសាច់ដុំដាក់គ្នា។ ហ្វីលីពីនបានស្នើអោយលើកយកបញ្ហានេះឡើងទៅកាន់តុលាការអន្ដរជាតិ ប៉ុន្ដែក្រុងប៉េកាំងបានបដិសេធមិនចូលរួម៕
ដោយ ៖ សូរីយ៉ាប្រភព ៖ AFP/VE