ភ្នំពេញ៖ តារាសម្តែង និង ជាតារាចម្រៀង សាច់សខ្ចីកញ្ញា ពេជ្រ អាវីហ្សា មួយរយៈមុននេះ ត្រូវបានគេមើលឃើញថា នាងជាតារាស្រីមួយរូប ក្នុងចំណោមតារាស្រី ដទៃទៀត ដែលទទួលបានការគាំទ្រ យ៉ាងច្រើនគួរសម តាមរយៈសមត្ថភាពនៃ ការសម្តែង និង រូបសម្រស់ដ៏ស្រស់សោភា។ ប៉ុន្តែអ្វីដែលធ្វើឲ្យ គេមានការចាប់អារម្មណ៍នោះគឺ មួយរយៈចុងក្រោយនេះ ហាក់ដូចជា បាត់វត្តមានរបស់ កញ្ញា ពេជ្រ អាវីហ្សា ពីសិល្បៈឈឹងតែម្តង។
ស្របពេលជាមួយគ្នា នឹងការអវត្តមាន នៅក្នុងសិល្បៈ របស់ កញ្ញា ពេជ្រ អាវីហ្សា នេះដែរ ថ្មីៗនេះក៏ស្រាប់តែមាន លេចឮព័ត៌មានដ៏រសើបមួយ មកថា កញ្ញា ពេជ្រ អាវីហ្សា កំពុងតែមានលោកឧញ៉ាធំម្នាក់ តាមប្រម៉ាញ់ចង់បានបេះដូង របស់នាងយកទៅឃុំគ្រង ធ្វើជាម្ចាស់ចិត្តស្និទ្ធមេត្រី។
ផ្អែកតាមប្រភពព័ត៌មាន ពីអ្នកនៅក្បែរតារាស្រីរូបនេះ បាននិយាយប្រាប់ថា អាវីហ្សា បច្ចុប្បន្នេះ មានបុរសម្នាក់ ដែលមានងារជាឧកញ៉ា កំពុងតាមសុំស្រលាញ់ប្រាថ្នា យកបេះដូងរបស់នាង ។ មិនតែប៉ុណ្ណោះ លោកឧកញ៉ាម្នាក់នោះ ក៏មានបំណងធានា ក្នុងការជួយជ្រោមជ្រែងឧបត្ថម្ភ ដល់ការរស់នៅរបស់ កញ្ញា ពេជ្រ អាវីហ្សា ទៀងតផង បើសិនជានាងយល់ព្រម ឆ្លើយថាទទួលយកស្នេហ៍ ពីខ្លួនរូបគេនោះ។
ប្រភពដដែលបាន និយាយបន្តថា លោកឧកញ៉ាទ្រព្យ ស្តុកក្នុងស្រុកខ្មែរម្នាក់នេះ បានព្យាយាមតាមស្រលាញ់កញ្ញា ពេជ្រ អាវីហ្សា ជាយូខែឆ្នាំមកហើយ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ នៅឡើយទេថា តើ អាវីហ្សា យល់ព្រមទទួលយកស្នេហ៍ពី ឧកញ៉ាម្នាក់នេះ ឬមួយយ៉ាងនោះទេ? ព្រោះថា មុនៗ អាវីហ្សា តែងតែធ្វើការ បដិសេធចំពោះ សំណើរសុំស្នេហ៍ពី បុរសៗជាច្រើនមកហើយ។
ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រ LookingTODAY មិនអាចធ្វើការទំនាក់ទំនង ដើម្បីធ្វើការសាកសួររឿងនេះ ពីកញ្ញា ពេជ្រ អាវីហ្សា បាននៅឡើយទេ នៅថ្ងៃនេះ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើត្រូវបានបិទ។ ដូច្នេះ LookingTODAY រង់ចាំស្វាគន៍ជានិច្ច ចំពោះវត្តមានចេញមុខមកបំភ្លឺ ជុំវិញការលេចឮ ព័ត៌មានខាងលើនេះ ពីសំណាក់កញ្ញា ពេជ្រ អាវីហ្សា នៅពេលក្រោយ។
តារាសម្តែងស្រីវ័យ២២ ឆ្នាំ ដែលនិយមខាងធ្វើខ្លួនបែបសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានស្គាល់ និងបានដឹងគ្រប់គ្នាថា នាងក៏ជាតារាស្រីមួយដួង ដែលនិយមខាងសម្ញែងសម្ភារៈប្រើប្រាស់ ដែលមានតម្លៃថ្លៃ និង ម៉ាកល្បីៗមិនចាញ់តារាល្បីៗដទៃ ប៉ុន្មានឡើយ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល