សារព័ត៌មានចិនបានឱ្យដឹងថា ក្រុមអ្នកអវកាសនៃប្រទេសនេះ កំពុងត្រៀមដាំបន្លែស្រស់នៅលើភពព្រះអង្គារ និងព្រះច័ន្ទ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ដ្របានទទួលជោគជ័យក្នុងការសាកល្បងលើកដំបូងនៅបន្ទប់ពិសោធ ក្នុងក្រុងប៉េកាំង។

ប្រភពព័ត៌មានពីទំព័រ Xinhua កាលពីថ្ងៃទី ៣ធ្នូ បានចេញផ្សាយថា បន្លែ ៤ប្រភេទត្រូវបានដាំនៅក្នុងប្រព័ន្ធជំនួយផ្នែកបរិស្ថានរស់នៅ ដែលមានបន្ទប់មួយ ទំហំ ៣០០ម៉ែត្រគីប​ នឹងអនុញ្ញាតឱ្យក្រុមអ្នកអវកាស ពង្រីកទីតាំង ទឹក ព្រមទាំងអាហារដោយឡែក របស់ពួកគេក្នុងបេសកកម្មអវកាស។

width=417

ទំព័រខាងលើនេះ បានបន្ដថា ក្រុមអ្នកវិទ្យាសាស្ដ្រសង្ឃឹមថា ប្រព័ន្ធមួយដែលផ្អែកទៅលើប្រភេទរុក្ខជាតិ និងសារ៉ាយ នឹងត្រូវបានប្រើប្រាស់នៅក្នុងមូលដ្ឋានក្រៅផែនដី ដូចជាព្រះច័ន្ទ និងភពព្រះអង្គារជាដើម។

នៅពេលអនាគត ក្រុមអ្នកអវកាស ចិន អាចមានបន្លែបៃតង និងអ៊ុកស៊ីហ្សែន នៅពេលដាំដំណាំទាំងនេះនៅក្នុងមូលដ្ឋានក្រៅផែនដី។

គួររំលឹកថា មុននេះ ប្រទេសចិន គ្រោងនឹងបញ្ជូនយានអវកាសស៊ើបការណ៍ទៅកាន់ឋានព្រះច័ន្ទ នៅឆ្នាំក្រោយ។ នេះគឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវអវកាស ប្រកបដោយមហិច្ឆតារបស់ប្រទេសនេះ ក្នុងនោះ ក៏មានគម្រោងបញ្ជូនមនុស្សឡើងឋានព្រះច័ន្ទផងដែរ៕

 

ដោយ ៖ សីហាប្រភព ៖ AFP