ចាប់តាំងពីស្រីស្អាតរបស់កូរ៉េខាងត្បូង នាង Lee Hyori បានបង្ហើបពីទំនាក់ទំនងស្នេហារបស់នាងជាមួយនិងបុរសម្នាក់ដែលត្រូវបានគេមើលឃើញថា មានសម្រស់អន់ជាងនាងរួចមក រឿងស្នេហារបស់ពួកគេ ក៏ចាប់ផ្ដើមត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។
កាលពីពេលថ្មីៗនេះ ស្រីស្អាត អាយុ ៣៤ឆ្នាំ Lee Hyori បានទិញដី និងឱ្យគេសាងសង់ផ្ទះមួយខ្នងនៅលើកោះ Jeju ។ ប្រភពជាច្រើនយល់ថា ការសាងសង់ផ្ទះនេះ គឺក្នុងបំណង រស់នៅជាមួយអនាគតស្វាមីរបស់ខ្លួន គឺលោក Lee Sang Soon ដែលត្រូវសាធារណជនរិះគន់ថា ជាបុរសមុខអាក្រក់ មិនសមនឹងស្រីស្អាត Lee Hyori ។
នៅក្នុងកិច្ចសម្ភាសមួយ អ្នកតំណាងរបស់ Lee Hyori ទទួលស្គាល់ថា Hyori កំពុងឱ្យគេសាងសង់ផ្ទះនៅលើកោះ Jeju ប៉ុន្ដែព័ត៌មានលំអិតស្ដីពីទីតាំង និងស្ថានភាពផ្ទះ មិនទាន់ត្រូវបានគេឱ្យដឹងនៅឡើយ។ ទន្ទឹមនឹងនេះ ខាងក្រុមហ៊ុនគ្រប់គ្រងរបស់ Hyori ក៏បានបដិសេធផងដែរ ចំពោះព័ត៌មានដែលថា ស្រីស្អាត Hyori នឹងរៀបការជាមួយ Lee Sang Soon ហើយរើទៅរស់នៅក្នុងផ្ទះដែលកំពុងសាងសង់នោះ។

ដោយ ៖ សីហាប្រភព ៖ DT