ភ្នំពេញៈ ខណៈពេលដែល ខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា កំពុងតែ ជួបប្រទះគ្រោះទឹកជំនន់ ហើយអំពាវនាវ រកជំនួយបន្ទាន់នោះ តារាចម្រៀង ពេជ្រ សោភា ក៏ខិតខំដុតដៃដុតជើង ស្វែងរកការឧបត្ថម្ភ ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីបានថវិកា ក៏ដូចជាអំណោយ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែ រងគ្រោះ ដោយសារទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ។
កាលពីល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣នេះ កញ្ញា ពេជ្រ សោភា បានបង្ហោះ ឃ្លីបវីដេអូមួយ មានរយៈពេល១៖២២វិនាទី នៅលើ Account Facebook របស់នាង ដោយនៅក្នុង នោះនាង បានបង្ហាញពីទឹកមុខក្រៀមក្រំ បង្កប់ដោយទុក្ខសោក និយាយមួយៗថា “ ខ្ញុំដឹងពីទុក្ខ លំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែ ជួបប្រទះ គ្រោះទឹកជំនន់ថា មានការលំបាកវេទនា កម្រិតណា ព្រោះថា ខ្ញុំនិងគ្រួសារធ្លាប់ជួបប្រទះ រឿងនោះ កាលនោះ ខ្ញុំនៅតូចពេលទឹកឡើង ខ្ញុំគេងលក់អត់ដឹងខ្លួនទេ ហើយពុករបស់ខ្ញុំ បានបីខ្ញុំតាមពិត ទៅផ្ទះរបស់ខ្ញុំ តូចត្រឹមតែ១ម៉ែត្រ ៤ (បានន័យថា ផ្ទះតូចចង្អៀត) ជ្រុងមានគ្រែ១តែប៉ុណ្ណោះ វាពិតជាកំសត់ និងពិបាកណាស់ សម្រាប់អ្នក ដែលមានបញ្ហាបែបនោះ ” ។
ចង់ដឹងថា អតីតកាលរបស់ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មរស្មី ហង្សមាស កញ្ញា ពេជ្រ សោភា មានការលំបាកវេទនា ដល់កម្រិតណា? ទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ខណៈតាមរយៈឃ្លីបវីដេអូនោះ នាងក៏បានសម្តែងការអរគុណ ទៅដល់សប្បុរសជន ដែលផ្ដល់ជាថវិកា ជួយសម្រាលការ លំបាកដល់ ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ៕


ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល