ខេត្តកណ្តាល៖ សប្បុរសជនតាមបណ្តាញ ហ្វេសប៊ុក រួមមានព្រះសង្ឃផងនោះ កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៣ បាននិមន្ត និងអញ្ជើញចុះទៅ សួរសុខទុក្ខតារាកំប្លែង នាយតាក់ស៊ី ខណៈដែលកំពុង មានជំងឺជាទម្ងន់ និង កំពុងជួបនូវបញ្ហា ជីវភាពជាខ្លាំង ព្រមទាំងបានយកប្លង់ដីដាក់បញ្ចាំ យកលុយមើល ជំងឺថែមទៀតផង។
នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក ខ័ណ្ឌ ច័ន្ទសុផល រួមនិងព្រះតេជគុណ ធឹង ច័ន្ទត្រា ព្រះចៅអធិការវត្ត ប៉ាឆា ខេត្តក្រចេះ រួមនិងសមាជិកក្រុម ព័ត៌មានជាតិដោយ សេរី ថ្មីៗ និងប្រតិកម្មរហ័ស នៃបណ្តាញសង្គមហ្វេស ប៊ុក ដែលតែងតែចូលរួមក្នុងកិច្ចការសង្គម និងសប្បុរសធម៌នោះ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួន ដែលបានមកសមាជិកក្រុម ជូនតារាកំប្លែងលោក ប៉ុល សាវឿង ហៅនាយ តាក់ស៊ី ដែលកំពុងឈឺធ្ងន់ រួមមានទឹកនោមផ្អែម និង រលាកថ្លើម ព្រមទាំងពោះវៀនធំផងដែរ។
អំណោយសប្បុរសធម៌ ដែលប្រគល់ជូននាយតាក់ស៊ី ក្នុងឱកាសនោះ រួមមាន អង្ករ ៥០ គីឡូក្រាម ទឹកត្រី និង ទឹក ស៊ីអ៊ីវ ១យួរ ទឹកសុទ្ឋចំណុះ ២០លីត្រ១ធុង ទឹកបរិសុទ្ធវីតាល់ ១កេះ ត្រីខ ២ឡូ ទឹកដោះគោឆៅ ៣ឡូ មីយើង ២កេះ នំបុ័ង ១០ដើម និង ថវិកា ៤៥០.០០០ រៀលផងដែរ។លោក ខ័ណ្ឌ ច័ន្ទសុផល រួមនិងសមាជិកក្រុមដទៃទៀត បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ដោយមើល ឃើញជីវភាព ដែលកំពុងខ្វះខាត របស់តាមកំប្លែង នាយតាក់ស៊ី ដែលកំពុងមានជំងឺ ទឹកនោមផ្អែមធ្វើទុកនោះ ក្រុម របស់លោកបានអំពាវនាវ សប្បុរសជន ដើម្បីកៀងគរ រកជំនួយសប្បុរសខ្លះៗ យកទៅជួយសម្រាល នូវទុក្ខលំបាក របស់គាត់។
តាមភរិយា នាយតាក់ស៊ី ដែលជាតារាកំប្លែងកំពុងតែ មានប្រជាប្រិយភាពមួយរូប តាមរយៈកាយវិការ ក្រមិចក្រមើម សម្តែងជាតួអង្គសត្វស្វារូបនេះ បានឲ្យដឹងថា ក្រុមគ្រួសាររបស់គាត់ កំពុងជួបនូវបញ្ហា ខ្វះខាតក្នុងជីវភាពជាខ្លាំង ព្រោះតែការមើលថែ និងព្យាបាលជំងឺស្វាមីរបស់គាត់ រហូតយកប្លង់ដីដាក់ចងការ អ្នកជិតខាងយកលុយព្យាបាល ជំងឺប្តីរបស់គាត់ថែមទៀតផង។ អ្នកស្រីបានបញ្ជាក់ថា ក្នុង១សប្តាហ៍ថៃ្លព្យាបាល អស់រហូតដល់ជាង ២០០ដុល្លារ ឯណោះ។
នាយ តាក់ស៊ី និង ភរិយា មានបានសម្តែងនូវការ ដឹងគុណក្រៃលែង ដែលបានឃើញ សប្បុរសជន រួមមានព្រះ សង្ឃផងនោះ បាននិមន្ត និងអញ្ជើញចុះទៅ សួរសុខទុក្ខគាត់ ហើយបាននាំយកនូវអំណោយ ជាច្រើនជូនពួកគាត់ សម្រាប់ដោះស្រាយក្នុងជីវភាព។ នាយ តាក់ស៊ី និងភរិយា ក៏បានជូនពរទៅដល់ សប្បុសជនទាំងអស់ ឲ្យជួបតែ សេចក្តីសុខរកស៊ី មានបានគ្រប់ៗគ្នា។
លោក ប៉ុល សាវឿង ហៅនាយ តាក់ស៊ី ដែលតារាកំប្លែងមួយរូប ក្នុងក្រុមរបស់ នាយពែក មី តាមរយៈការដើរតួជា ស៊ុន អូខុងនោះ បានធ្លាក់ខ្លួនឈឺជាទម្ងន់ តាំងពីមុនចូលឆ្នាំចិន មកម្ល៉េះ ហើយរហូតមក ដល់ពេលនេះ កំពុងប្រឈម និងការខ្វះខាតថ្លៃ ព្យាបាលជាខ្លាំង រហូតដល់យក ប្លង់ដីដាក់បញ្ចាំ ដើម្បីយកលុយទូទាត់ ថ្លៃព្យាបាលជំងឺ ទៀតផង។ តែទោះជាយ៉ាងណា រហូតមកដល់បញ្ចុះប្បន្ននេះ ស្ថានភាពជំងឺបាន ធូរស្រាលខ្លះហើយ។
ទាំងនាយតាក់ស៊ី ក៏ដូចជាភរិយា បានអំពាវនាវដល់ សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលធ្លាប់គាំទ្រពួក គាត់ តាមរយៈការសម្តែងនោះ មេត្តាជួយផ្តល់ការឧបត្ថម្ភ ដល់ក្រុមគ្រួសាររបស់គាត់ ដែលកំពុងជួបនូវទុក្ខលំបាក ក្នុងជីវិតនេះផង៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល