ក្រោយពីលេងហ្គេម League of Legends, Justin Carter រស់នៅ Austin, Texas (អាមេរិច), បានទាស់សំដីជាមួយមិត្តភក្តិ នៅលើ Facebook។ នៅចំពោះមុខពាក្យសំដី ដែលថាឲ្យខ្លួនជាមនុស្សសរសៃប្រសាទ, Justin បានតបសំដីថា: អើ, អញកំពុងតែឆ្កួតហើយ។ អញនឹងទៅបាញ់ក្មេងៗសិស្សសាលា នៅសាលារៀនណាមួយ ឲ្យងាប់ឲ្យអស់ ហើយស៊ីបេះដូចឆៅ របស់ពួកវាទៀត។
ស្រី្តម្នាក់ជនជាតិកាណាដា បានឃើញពាក្យមួយឃ្លានេះ របស់ Justin នៅលើ Facebook ប៉ុន្តែមិនបានចាប់អារម្មណ៍ នូវឃ្លាពីរជួរខាងក្រោមទៀត ដែល Justin បានសរសេរថា LOL (Laugh out loud) និង jk (just kidding) ដូច្នេះហើយទើបគាត់ស្មានថា ជាការពិត។ ស្ត្រីម្នាក់នោះបានធ្វើការស្វែងរកភ្លាម នូវអាសយដ្ឋានរបស់ Justin និងពិនិត្យមើល មានសាលារៀនណានៅជិតកន្លែង Justin រស់នៅ ឬក៏អត់ ហើយក៏បានប្រាប់ទៅប៉ូលិសផងដែរ។
មិនយូរប៉ុន្មាន Justin ក៏ត្រូវបានប៉ូលិសចាប់ខ្លួន និងត្រូវបានដេកក្នុងគុក ចាប់ពីថ្ងៃទី ២៧ ខែមិនាឆ្នាំ ២០១៣។ បុរសម្នាក់នេះ ជាប់ចោទពីបទគំរាមកំហែងដ៏សាហាវមួយ ដែលនឹងត្រូវប្រឈមមុខជាប់គុក អាចដល់ ៨ឆ្នាំ។ តាមកាលកំណត់ Justin Carter នឹងត្រូវឡើងតុលាការ ជំនុំជំរះក្តីនៅថ្ងៃទី ០១ ខែកក្កដា ខាងមុខនេះ។
ឪពុករបស់ Justin បានឲ្យដឹងថា: ពួកគេពិតជាមានការហ្មត់ចត់ ម៉ឹងមាត់ ទៅនឹងអ្វីដែលកូនប្រុសខ្ញុំសរសេរនៅលើ Facebook។ ពួកគេចង់ឲ្យវាចូលគុក ដោយសារ តែពាក្យសំដី និយាយលេងតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ គាត់ក៏បាននិយាយបញ្ជាក់ថា កូនប្រុសរបស់គាត់ ជាមនុស្សដែលមិនបានអានព័ត៌មានអ្វីច្រើន និងមិនបានយល់ពីអ្វីដែលកំពុងតែកើតឡើង នៅជុំវិញខ្លួនឡើយ។
តាមប្រភពពី Cnet យោងតាមពាក្យសំដីរបស់ Justin បានធ្វើអាជ្ញាធរ មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះថាមុននេះ បានកើតមានករណីសម្លាប់រង្គាល ស្លាប់អស់ក្មេងៗជាច្រើននាក់នៅសាលា Sandy Hook ឯរដ្ឋ Connecticut កាលពីខែធ្នូ ឆ្នាំមុននេះ។

ខ្ញុំសង្ឃឹមថា មនុស្សគ្រប់រូប សូមកុំគិតថា បណ្តាញទំនាក់ទំនងសង្គម គ្រាន់តែជាកន្លែងសំរាប់ លេងសើចសប្បាយ មិនអាចមានរឿងអ្វីកើតឡើង រាល់ពេល Online Facebook, Twitter បញ្ចេញមតិយោបល់អ្វីមួយ ឬនៅលើសារព័ត៌មានណាមួយនោះ។ គ្រប់មាត់អ្វីដែលអ្នកបញ្ចេញយោបល់ គឺនឹងបង្ហាញពីគំនិតរបស់អ្នកផ្ទាល់, ឪពុករបស់ Justin ចែករំលែក៕
ដោយ៖ សិលាប្រភព៖ VE