ភ្នំពេញ ៖ ពីរនាក់ប្ដីប្រពន្ធ បានស្លាប់យ៉ាងវេទនា នៅកន្លែងកើតហេតុ ស្ទើរខ្ទេចរាងកាយទាំងមូលហើយ ស្ដ្រីជាភរិយា ចេញ បេះដូងតាមមាត់ បែកក្បាលធ្លាយខួរ ក្នុងថ្លុកឈាម ក្រោយពីរថយន្ដកុងតឺន័រ ដឹកដែក មួយគ្រឿង បានកៀរ ហើយបុកកិនពីលើ ខណៈដែលជនរងគ្រោះទាំងពីរនាក់ កំពុងដើរតាម ផ្លូវ កាលពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅមុខផ្ទះលេខ ៣៣៩អា ផ្លូវ ១០១៩ (ផ្លូវហាណូយ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្ដ្រីនគរបាលចរាចរ ខណ្ឌសែនសុខ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខាងលើនេះ មានរថយន្ដ កុងតឺន័រដឹកដែក ពាក់ ស្លាកលេខ ភ្នំពេញ ៣បេ ១២១៩ បានធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង លុះ ដល់ចំណុចកើតហេតុ បានបុកប្ដីប្រពន្ធ ទាំងពីរ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ប៉ុន្ដែបើតាម សាក្សីខ្លះបានឱ្យដឹងថាបុរសជាប្ដីនៅមានដង្ហើមនៅឡើយលុះមួយក្រោយមក ព្រោះតែរថយន្ដពេទ្យ មកយឺត ក៏ដាច់ខ្យល់ស្លាប់តែម្ដងទៅ។
មន្ដ្រីនគរបាលបានបន្ដថា បុរសជាប្ដីឈ្មោះតែម ថុង អាយុ ៣២ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្ដ កណ្ដាល (នេះបើយោងតាមការពិនិត្យមើល លើអត្ដសញ្ញាណប័ណ្ណ ដែលនៅជាប់នឹង ខ្លួន ) រីឯស្ដ្រីជាប្រពន្ធ មិនត្រូវបាន នរណាម្នាក់ស្គាល់ឈ្មោះនោះឡើយ ។ បើតាមសមត្ថកិច្ច រថយន្ដបង្ក ក្រោយបុកជនរងគ្រោះទាំងពីរនាក់ បានបើករត់ រហូត ដល់ខាងត្បូងផ្សារមាន់អាំង ទើបសមត្ថកិច្ចចាប់ បាន រួមទាំងបុរសម្នាក់ ដែលអះអាងថា ជាព្រូរថយន្ដ រីឯអ្នកបើករថយន្ដ គេច ខ្លួនបាត់ទៅ ។
បច្ចុប្បន្ន សពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុក នៅវត្ដទឹកថ្លា ដើម្បីរង់ចាំក្រុម គ្រួសារ មកទទួលយក ទៅធ្វើបុណ្យ រីឯរថយន្ដបង្ក ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល