ភ្នំពេញ ៖ តារាសម្ដែងស្រីក្មេងខ្ចីកញ្ញា ស៊ុំ សុម៉ាលី បាននិយាយដោយទទួលស្គាល់ថា ក្រោយពីបានប្រកាស សម្រេចចិត្តបើកបេះដូងជាថ្មីមកនោះ គឺតែងតែមានកន្លង់ជាច្រើន ចោមរោមតាមសុំចូលខ្លួនមក ស្អំបេះដូងជាថ្មី ។
តារាសម្តែងសាច់សរលោងនាង ស៊ុំ សុម៉ាលី បាននិយាយប្រាប់គេហទំព័រ Looking TODAY តាមទូរស័ព្ទនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣នេះថា បច្ចុប្បន្ននេះមានបុរសជាច្រើន បានព្យាយាមទាក់ទងដើម្បី សុំសេចក្តីស្រលាញ់ពីនាង ។ ក៏ប៉ុន្តែនាងមិនទាន់ យល់ព្រមទទួលយកនរណាម្នាក់ នៅឡើយទេមកដល់ពេលនេះ។
សុម៉ាលី បាននិយាយឱ្យដឹងទៀតថា បុរសៗដែលតាមសុំស្នេហ៍ទាំងនោះ មានទាំងនៅក្នុងស្រុកនិងក្រៅស្រុក តែនាងមិនទាន់ត្រូវចិត្ត ជាមួយបុរសណាម្នាក់នៅឡើយទេ ព្រោះអ្នកទាំងនោះភាគច្រើន ចរិករបស់គេដូចជាមិនសូវ ស៊ីសង្វាក់គ្នាជាមួយនាងសោះ។
កញ្ញា ស៊ុំ សុម៉ាលី បាននិយាយទៀតថា បុរសដែលអាចស្រលាញ់ខ្ញុំបាន ទាល់តែគេអាចពូកែទ្រាំ និងអត់ធ្មតណាស់ ទើបអាចរស់នៅជាមួយបាន ព្រោះខ្ញុំមានចរិកឆេវឆាវណាស់ ហើយពេលខ្លះពូកែរករឿងទៀតផង។
ស្រីស្រស់រូបនេះ បាននិយាយលាយលំជាមួយនិង សំណើចទៀតថា មកដល់ពេលនេះក៏មានបុរសច្រើនហើយដែរ ដែលបានដកថយទៅវិញ ព្រោះតែចរិករបស់គេ និងនាងមិនត្រូវគ្នា។ ហើយមានអ្នកខ្លះទៀត ដាក់ពាក្យមកមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែរត់ទៅវិញបាត់។
តារាសម្ដែងសាច់សខ្ចីវ័យ២២ ឆ្នាំកញ្ញា ស៊ុំ សុម៉ាលី បានបញ្ជាក់ថា ចំពោះបុរសដែលនាងជ្រើសរើស យកធ្វើជាគូអនាគតគឺមិនសំខាន់ លើមានឬក្រនោះទេ ប៉ុន្តែសំខាន់លើអតចរិករបស់គេ ថាតើអាចរស់នៅជាមួយគ្នា ទៅថ្ងៃមុខបានឬអត់? ។ ម្យ៉ាងទៀតទាល់តែបុរសម្នាក់នោះ ពូកែអត់ធ្មត់ និងទ្រាំ ហើយអាចរកស៊ីចិញ្ចឹមគ្នា ទៅវិញមកបានទៅថ្ងៃអនាគត។
យ៉ាងណាក៏ដោយ ស៊ុំ សុម៉ាលី បាននិយាយបន្ថែមថា នាងក៏មិនត្រូវការការ ជូយការឧបត្ថម្ភពីនរណាម្នាក់ដែរ។ តារាសម្តែងស្រីវ័យក្មេងរូបនេះ ត្រូវបានគេដឹងថា នាងធ្លាប់បែកបាក់ ស្នេហាជាមួយនិងបុរសម្នាក់ ម្តងរួចមកហើយ។ ក្រោយពីបានបែកបាក់ស្នេហ៍នោះ នាងធ្លាប់បានប្រកាសបិទ បេះដូងមួយរយៈខ្លី។ ប៉ុន្តែក្រោយមកទៀតនាង បានសម្រេចចិត្តបើកបេះដូង ទទួលយកស្នេហាជាថ្មី ក្រោយពេលក្រុមគ្រួសារ របស់នាងចង់ឲ្យនាងមានស្វាមី ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល