ភ្នំពេញៈ ខណៈដែលតារាសម្តែង សម្បុរខ្មៅស្រអែម កញ្ញា សារាយ សក្ខណា កំពុងតែជាប់ដៃ រៀបចំកម្មវិធីមង្គលការ និងដឹកដៃគូដណ្តឹង ដើរចែកសំបុត្រអញ្ជើញភ្ញៀវ យ៉ាងគគ្រឹកគគ្រេង ពេញទីក្រុងភ្នំពេញ ព្រោះតែខ្លាចមិនទាន់ពេលវេលា ដោយសារតែនាង និងគូដណ្តឹងត្រូវចូលរោងការ នៅថ្ងៃទី១២ ខែធ្នូខាងមុននេះ ។ តែដោយឡែក តារាសម្តែង គឹម លីហ្សា ដែលកំពុងតែត្រៀម ចូលរោងការក្រោយ សក្ខណា ៦ថ្ងៃនោះ បែរជាមិនអើពើខ្វល់ខ្វាយ ឬក៏បញ្ចេញអាការៈ ជ្រួលច្របល់ រៀបចំពិធី និងដើរចែកសំបុត្រអញ្ជើញភ្ញៀវ ទាល់តែសោះ ។

ក្នុងមួយរយៈពេលនេះ រាល់ការអញ្ជើញចូលរួម កម្មវិធីជប់លៀង របស់អ្នកសិល្បៈម្តងៗ គេសង្កេតឃើញ តារាសម្តែង កញ្ញា សារាយ សក្ខណា តែងតែបណ្តើរគូដណ្តឹង ទៅចូលរួមជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះគេក៏បានឃើញ នាងយកធៀបការ ទៅ អញ្ជើញភ្ញៀវ ក្នុងកម្មវិធី ដែលនាងចូលរួម ព្រោះតែអនាគតកូនក្រមុំរូបនេះ ខ្លាចអញ្ជើញភ្ញៀវមិនទាន់ពេល ទើបខំប្រឹងសម្រុកដើរចែកទាំងថ្ងៃទាំងយប់បែបនេះ ។ ក្រៅពីដើរចែកធៀបការ នាងក៏បានចំណាយលុយ ខ្ទង់ម៉ឺនដុល្លារ កាត់រ៉ូប អាពាហ៍ពិពាហ៍ យ៉ាងស្រស់ស្អាត សម្រាប់ថ្ងៃរៀបការ រួចរាល់អស់ហើយដែរ។

ដោយឡែកតារាសម្តែងសំឡេងស្រទន់ សាច់សរម៉ដ្ឋរលោង ប្រៀបដូចបណ្តូលចេក និងជានារីសម្បូរមន្តស្នេហ៍ កញ្ញា គឹម លីហ្សា ដែលទើបតែសម្រេច ទម្លាយជាសាធារណៈ ពីគម្រោងរៀបការរបស់នាង និងគូដណ្តឹងដែល ជាអាណិកជនខ្មែរ រស់នៅអូស្ត្រាលីថានាងត្រូវ ចូលរោងការនៅថ្ងៃទី១៨ ខែធ្នូ ក្រោយមង្គលការ សារាយ សក្ខណា ៦ថ្ងៃនោះ បែរជាមិនអើពើ បង្ហាញ សកម្មភាពណាមួយ ឬប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុក ពីការរៀបចំពិធីមង្គលការ របស់នាងទាល់តែសោះ ។

ជួបជាមួយ LookingTODAY នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣នេះ កញ្ញា គឹម លីហ្សា បាន ប្រាប់លាយឡំនឹង សំឡេងសើចតិចៗថា ធម្មតាទេ ថ្ងៃមង្គលការ មិនថានាង ឬក៏អ្នកណាទេ គឺតែងតែចង់រៀបចំឲ្យល្អ ហើយនាងក៏បានរៀបចំបណ្តើៗ ដែរ គ្រាន់តែនាងមិនចង់និយាយ បង្ហាញជាសាធារណៈ ព្រោះនាងគិតថា ជារឿងធម្មតា ។

តារាសម្តែង និងជាតារាចម្រៀង គឹម លីហ្សា បានប្រាប់ឲ្យដឹងទៀតថា “រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់បានយកធៀបការ ទៅអញ្ជើញភ្ញៀវ នៅឡើយទេ ព្រោះខ្ញុំគិតថា នៅសល់ ពេលជិត ២០ ថ្ងៃទៀតឯណោះ ។ ម្យ៉ាងធៀបការខ្ញុំ ធ្វើរួចនៅចុងខែនេះ ប្រហែលជាដើមខែក្រោយនេះ បានខ្ញុំដើរ ចែកធៀបជាមួយនឹង គូដណ្តឹងតែម្តង ព្រោះថាចំពេលគាត់ (គូដណ្តឹង) មកដល់ស្រុកខ្មែរផង ” ។

កញ្ញា គឹម លីហ្សា បានប្រាប់ឲ្យដឹងថា ពិធីមង្គលការនាង គឺធ្វើបែបសាមញ្ញៗ ព្រោះថានាង និងអនាគតស្វាមី មិនចង់ធ្វើអ្វីធំដុំប៉ុន្មានទេ គឺចង់ធ្វើបែបធម្មតាៗ ដោយនាងរៀបចំ អញ្ជើញភ្ញៀវត្រឹមតែ៧០តុ ហើយពិសាភោជនីយអាហារ ពេលល្ងាចនៅចេនឡា ។ ភ្ញៀវដែលនាង អញ្ជើញចូលរួមក្នុង ពិធីជ័យមង្គលនោះ ភាគច្រើន គឺជាអ្នកសិល្បៈ ៕

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល