ថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទមួយ ដែលមិនជាល្បីឈ្មោះប៉ុន្មាននៅចិន បានបញ្ចេញស្មាតហ្វូន 3D មួយប្រភេទ មានឈ្មោះថា Estar Takee1 ។ Takee 1 ត្រូវបានគេវាយតម្លៃថា នឹងក្លាយជាគូប្រជែងផ្ទាល់របស់ស្មាតហ្វូន 3D-Fire Phone របស់ Amazon ដែលធ្លាប់បានប្រកាសបង្ហាញខ្លួនមុននេះ។


Takee 1 ប្រើប្រាស់ម៉ាស៊ីនថតចំនួន ៤ នៅខាងមុខ ដើម្បីតាមដានផ្ទៃមុខ រួមនឹងមុខងារតាមដានក្រសែភ្នែករបស់អ្នកប្រើប្រាស់ ដូចទៅនឹងស្មាតហ្វូន Amazon Fire Phone ។ ក្រៅពីនេះ លទ្ធភាពបង្កើត 3D របស់ស្មាតហ្វូន Takee 1 ក៏មានភាពអស្ចារ្យ អាចបង្ហាញរូបភាព និងសកម្មភាពអណ្ដែត ដូចទៅនឹងភាពយន្ដ 3D ដែលអ្នកធ្លាប់ទស្សនា នៅរោងភាពយន្ដដូច្នោះដែរ។



ដើម្បីធ្វើបានដូច្នេះ Takee1 ត្រូវដំណើរការដោយយោងទៅលើបច្ចេកវិទ្យា holographic រួមនឹងការបំពាក់បច្ចេកវិទ្យាបញ្ចាំងពន្លឺ ដែលជួយឱ្យម៉ាស៊ីនអាចប្រែក្លាយរូបថតធម្មតា ទៅជារូបថត 3D ។ Takee1 ក៏អាចត្រូវបានបញ្ជា លេងហ្គេមក្នុងបរិយាកាស 3D ដោយមានរូបភាពអណ្ដែតនៅពីលើអេក្រង់។




ចំណែកហាតវ៉ែរវិញ Takee1 នឹងមានអេក្រង់ 5,5 inch Full HD និងប្រូសេសឺរ 8-core MediaTek, RAM 2GB, កាមេរ៉ាក្រោយ 13 megapixel ដែលប្រើប្រាស់សេនសឺរ Exmor RS របស់ក្រុមហ៊ុន Sony , ថ្ម 2.500 mAh ហើយតាមគម្រោង ស្មាតហ្វូននេះ នឹងមាន ២ពណ៌ គឺខ្មៅ និងស។ ជាងនេះ ក្រុមហ៊ុន ShenZhen Estar Displaytech ក៏នឹងបញ្ចេញកំណែពិសេស ធ្វើអំពីមាស 18K ប៉ុន្ដែចំនួន មានកំណត់។ យ៉ាងនេះក្ដី ព័ត៌មានទាក់ទិននឹងតម្លៃ និងថ្ងៃបញ្ចេញលក់ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ៕
ប្រែសម្រួលដោយ ៖ តារា ប្រភព ៖ shanghaiist/tech