ភ្នំពេញ៖ តារាចម្រៀងរូបសង្ហា ចូលចិត្តលេងស្ទីល ចំឡងតាមតារាកូរ៉េ ប្រចាំផលិតកម្ម អឹម លោក នីកូ មួយរយៈចុងក្រោយនេះ ព័ត៌មានរបស់លោក ហាក់ដូចជាស្ងប់ស្ងាត់ នៅលើបណ្តាញ សារព័ត៌មានពាក់ព័ន្ធ ការងារសិល្បៈ និងជីវិតឯកជន ។ ដោយឡែកបើនិយាយ ពីការងារសិល្បៈ និងការបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ និងនៅក្នុងកម្មវិធីប្រគំតន្ត្រី (Concert) តាមកម្មវិធី ឬតាមក្រុមហ៊ុនវិញ តារាចម្រៀងរូបនេះ ហាក់ដូចជា មមាញឹកយ៉ាងខ្លាំង ស្ទើរតែរកពេលសម្រាកគ្មាន ព្រោះគ្រប់កម្មវិធីធំៗ តែងតែឃើញវត្តមាន របស់លោកជានិច្ច ។
នៅក្នុងទ្រនំផលិតកម្ម អឹម បច្ចុប្បន្ន ត្រូវបានមហាជនដឹងថា មានតារាចម្រៀង ចំណូលថ្មីជាច្រើនដួង មកជ្រក ។ តែបើទោះបីជា តារាចម្រៀងចំណូលថ្មី មកច្រើននាក់ ក៏ពិតមែន តែចំពោះប្រជាប្រិយភាព និងការគាំទ្ររបស់លោក នីកូ វិញហាក់មិនមានតារាចម្រៀងរួមទ្រនំណាមួយអាចផ្តួលយកបានឡើយ។ ឥឡូវនេះផលិតកម្ម អឹម ត្រូវបានមហាជន ក៏ដូចជាអ្នក តាមដានសង្គមសិល្បៈ មើលឃើញថា ប្រជាប្រិយភាព និងការគាំទ្ររបស់ខ្លួន ហាក់ធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ជាងកាលពីពេលមុនៗ ។
ទាំងនេះត្រូវបានស្រទាប់យុវវ័យ និងអ្នកតាមដានសង្គម សិល្បៈលើកឡើងថា ផលិតកម្ម អឹម កុំតែមានលោក នីកូ ,គូម៉ានិងនៅសាយភាយ ប្រជាប្រិយភាពរបស់ស្រីស្រស់ ពេជ្រ សូលីកា និង អែនជី ម៉្លេះផលិតកម្មមួយនេះ គ្មានអ្នកគាំទ្រទាំងស្រុងតែម្តង និងឈានទៅរកការ បិទទ្វារផងក៏មិនដឹង។ ការលើកឡើងបែបនេះ ហាក់មិនមានអ្វីគួរឲ្យ ចាប់អារម្មណ៍នោះទេ ព្រោះថា បច្ចុប្បន្នលោក នីកូ និង គូម៉ា កំពុងតែជ្រក នៅក្នុងទ្រនំមួយនេះ យ៉ាងស្រណុកសុខសប្បាយ និងមានប្រជាប្រិយភាព ខ្លាំងទៀតផង ។
តែអ្វីដែលមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺត្រង់ថា ថ្មីៗនេះតារាចម្រៀងវ័យក្មេង ក្នុងស្រទាប់យុវវ័យលោក នីកូ ត្រូវបានអ្នកនៅ ក្នុងចង្កោមសិល្បៈ ដែលកៀកកិតស្និទ្ធស្នាល ជាមួយលោកលួច បង្ហើបប្រាប់គេហទំព័រ LookingTODAY ថាលោក នីកូ កំពុងតែត្រៀមបង្វេច ដើរចេញពីទ្រនំផលិតកម្ម អឹម ហើយ បន្ទាប់ពីលោកផុតកុងត្រា ។ ប្រភពដដែលបាន បង្ហើបឲ្យដឹងទៀតថា នៅពេល នីកូ ចេញពីផលិតកម្ម អឹម ច្បាស់ណាស់ គឺលោកត្រូវចេញទៅផលិតកម្ម ហង្សមាស ជាមួយបងប្រុសគឺលោកណុប បាយ៉ារិទ្ធិ ។
តែតាមមើលប្រហែលជា លោក នីកូ មិនអាចជ្រៀតចូលផលិតកម្ម ហង្សមាន បានទេ តែលោកអាចជ្រៀត ចូលមែកធាងរបស់ផលិតកម្ម ហង្សមាស បានគឺផលិតកម្ម ភ្លេងរីខត (Pleng Record) ។ ចំពោះការលេចឮបែបនេះ LookingTODAY មិនអាចសុំការស្រាយបំភ្លឺ ពីលោក នីកូ បានទេ ដោយកាលពីកន្លងទៅ នៅឯស្ថានីទូរទស្សន៍ CTN លោកបាននិយាយថា ខាងក្រុមហ៊ុនមិនអនុញ្ញាត ឲ្យផ្តល់បទសម្ភាសន៍ ជាមួយអ្នកការសែតទេ ។
តែទោះជាយ៉ាងណានៅថ្ងៃខាងមុខ គេហទំព័រ LookingTODAY សង្ឃឹមថា លោក នីកូ នឹងចេញមុខបកស្រាយ ពីរឿងនេះដើម្បីឲ្យមហាជន និងអ្នកគាំទ្ររបស់លោក ជម្រះមន្ទិលសង្ស័យ ហើយគេហទំព័រ LookingTODAY រងចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខបកស្រាយ ពីតារាចម្រៀងរូបសង្ហា នីកូ ពីបញ្ហានេះ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល