ភ្នំពេញ៖ បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយ មានសន្ទុះរីកចំរើនយ៉ាងខ្លាំង មានទាំងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ដូចជា គេហទំព័រ ទស្សនាវដ្តី កាសែត ទូរទស្សន៍ ព្រឹត្តិបត្រ និងខិតប័ណ្ណ ជាដើម។ កម្មវិធីព័ត៌មានតាមទូរទស្សន៍ពេលព្រឹក ក្លាយជាកម្មវិធីដ៏ពេញនិយម សម្រាប់ទូរទស្សន៍នានា ដែលទូរទស្សន៍ណា ក៏មានកម្មវិធីនេះដែរ។ តែកម្មវិធីព័ត៌មាន ពេលព្រឹកដ៏មានប្រជាប្រិយភាពបំផុត បានធ្លាក់ទៅលើស្ថានីយទូរទស្សន៍ ហង្សមាស ដែលជាស្ថានីយទូរទស្សន៍ឯកជន ចុងក្រោយគេបង្អស់ នៅប្រទេសកម្ពុជា ។
កម្មវិធីនេះ បានទាក់ទាញអ្នកទស្សនាជាច្រើន ឲ្យមកទស្សនា ពិសេសតាមហាងកាហ្វេនានា និងតាមគេហដ្ឋាន ដែលប្រកបអាជីវកម្មផ្សេងៗ។ ទស្សនិកជនជាច្រើន បានលាន់មាត់សរសើរ មិនដាច់ ពីពិធីករ គឺលោក មាស រិទ្ធី និងពិធីការិនី មានទេពកោសល្យ ក្នុងការអត្ថាធិប្បាយ យ៉ាងក្បោះក្បាយ ពេលខ្លះបង្កប់នៅភាពអស់សំណើចផងដែរ ។ ទស្សនិកជនជាច្រើន បានចង់ដឹងថា តើពិធីការិនី ឈន ស្រីឡា មានសំនួន វោហារស័ព្ទល្អ ក្នុងការអាន ព័ត៌មានពេលព្រឹកនេះ ជាអ្នកណា ? មកពីណា? បានជាមិនធ្លាប់ឃើញពីមុនមក ស្រាប់តែមានមុខ នៅពេលស្ថានីយនេះ ដំណើរការតែម្ដង.. ។
ដើម្បីបកស្រាយចម្ងល់ របស់ទស្សនិកជន LookingTODAY បានសុំធ្វើបទសំភាស៍ជាមួយ អ្នកនាង ឈន ស្រីឡា ពិធីការិនីដ៏ស្រស់សោភារូបនេះ តែគួរអោយសោកស្ដាយបំផុត ដោយសារអ្នកនាងបានបដិសេធន៍នៅសុំណើរនេះ ។ អ្នកនាង គ្រាន់តែនិយាយថា មិនចង់ល្បីទេ ព្រោះបានត្រឹមប៉ុណ្ណឹងនាងមានអារម្មណ៍ថា គ្រាប់គ្រាន់ទៅហើយ ..។ ឈន ស្រីឡា សុំទោសផង មិនមែនវាយឫកទេ តែអ្នកនាងហាក់មានចរឹតខុសពីគេ ដែលអ្នកនាងស្កប់ស្កល់ណាស់ ជាមួយកាងារបច្ចុប្បន្ន ។
បន្ទាប់ពីទទួលការបដិសេធ មិនផ្ដល់បទសម្ភាស៍ ពីសំណាក់ ឈន ស្រីឡា អ្នកអានព័ត៌មាន កំពុងតែឡើងកូដនេះ LookingTODAY ក៏គោរពរដល់ការសម្រេចចិត្ត របស់អ្នកនាង ឈន ស្រីឡា ។ តែក៏មានប្រភពព័ត៌មាន នៅកៀកកិតបង្ហើបឲ្យដឹងខ្លះៗថា នាងជាស្រ្តីម្នាក់ មើលទៅមានសុភមង្គលណាស់ បើយោងទៅតាមរូបភាព ដែលអ្នកនាងបានបង្ហោះ នៅក្នុង ហ្វេសប៊ុក របស់ខ្លួន។
ឈន ស្រីឡា មានកូនប្រុសម្នាក់ និងត្រូវជាសាច់ញាតិ ជាមួយ អ្នកថតដ៏ល្បីល្បាញ លោក ជា ឈឹម ។ អ្នកនាង បានបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាងមានថ្ងៃកំណើត ថ្ងៃ១០ មករា ១៩៨៦ ពោល គឺមានអាយុ ២៧ឆ្នាំហើយ ៕





ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល