មេបញ្ជាការជាន់ខ្ពស់៥រូបរបស់អង្គការរដ្ឋអ៊ីស្លាម បានឱបប្រាក់រត់គេចខ្លួនពីខែត្រ Nineveh ភាគខាងជើងអ៊ីរ៉ាក់។

ទំព័រ Sputniknews កាលពីម្សិលមិញបានដកស្រង់ប្រភពព័ត៌មានពីទូរទស្សន៍ Al Sumaria របស់អ៊ីរ៉ាក់ ឱ្យដឹងថា “មេបញ្ជាការជាន់ខ្ពស់៥រូប ក្នុងនោះមានមេបញ្ជាការម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា Abu Bara Kakhtani ទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រាក់របស់ក្រុម ISIS បានរត់គេចខ្លួន ខណៈដែលប្រាក់មួយចំនួនធំក៏បានបាត់ស្រមោលពីឃ្លាំង”។

/

ទឹកប្រាក់​ដែល​បណ្ដា​មេបញ្ជាការ​ ISIS ប្រមូល​យក​ទៅតាម​ខ្លួន មានចំនួន​ដល់ទៅរាប់លានដុល្លារ

យោងតាមទូរទស្សន៍នេះ ទឹកប្រាក់ដែលមេបញ្ជាការទាំងនេះបានប្រមូលយក មានចំនួនឡើងដល់រាប់លានដុល្លារអាមេរិក។ ISIS គ្រោងនឹងប្រើប្រាស់ប្រាក់ទាំងនេះ ដើម្បីបើកប្រាក់ខែឱ្យក្រុមសកម្មប្រយុទ្ធ។

បច្ចុប្បន្ន យោងតាមប្រភពព័ត៌មានមួយចំនួន ក្រុមមេបញ្ជាការខាងលើ កំពុងឆ្ពោះទៅកាន់ទីក្រុង Tal Afar ដើម្បីទៅកាន់ទីរួមស្រុក Baa'j រួចក្រោយមក ឆ្ពោះទៅកាន់ស៊ីរី។ ISIS បានចេញបញ្ជាឱ្យតាមចាប់បន្ទាន់ និងប្រហារជីវិតអ្នកដែលបានរត់គេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងក្នុងពេលដែលកងទ័ពអ៊ីរ៉ាក់ ដោយមានជំនួយពីកងទ័ពជនជាតិ Kurd និងកងទ័ពសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក កំពុងបន្តវាយប្រហារដើម្បីរំដោះក្រុង Mosul ទាំងស្រុងចេញពីកណ្ដាប់ដៃ ISIS ។

ប្រែសម្រួល ៖ តារាប្រភព ៖ Sputniknews