កាលពីសប្ដាហ៍មុន Camnews បាននាំលោកអ្នកអោយបានស្គាល់ស្នាដៃភាពយន្តថ្មីដែលជាស្នាដៃរបស់កូនខ្មែរគឺរឿង រត់ (Run) ដែលជារឿងប្រភេទ Zombie ដំបូងបំផុតក្នុងវិស័យភាពយន្តខ្មែរ។ ដោយមានការសំណូមពរពីសំណាក់ប្រិយមិត្តដែលចង់ដឹងពីផលិតកម្មថ្មីដែលផលិតខ្សែភាពយន្តភាគខ្លីនេះ Camnews បានស្វះស្វែងដើម្បីទៅសម្ភាសន៍ជាមួយលោក ទូច ឧត្ដម ដែលជាផលិតករផ្ទាល់។លោក ទូច ឧត្ដម ជាអ្នកផ្ដើមបង្កើតផលិតកម្ម អារម្មណ៍ភាពយន្ត ក៏ដូចជា អារម្មណ៍ស្ទូឌីយោ ដែលបានបង្កើតមកក្នុងឆ្នាំ ២០១០។ ខាងក្រោមនេះគឺជាបទសម្ភាសន៍ជាមួយផលិតកររឿង រត់ ដែល Camnews បានចុះទៅសម្ភាសន៍៖
Camnews៖ សួស្ដីលោក ឧត្ដម សុខសប្បាយថ្ងៃនេះ។ ហើយខាង Camnews ថ្ងៃនេះចង់សម្ភាសន៍អំពីស្នាដៃរឿង រត់ ហើយសំនួរទី ១ ចង់សួរថាតើការផលិតភាពយន្តភាគខ្លីរឿង រត់នេះតើបងត្រូវចំណាយពេលប៉ុន្មានថ្ងៃដើម្បីសរសេរសាច់រឿង ថតនិងការបញ្ចូលបច្ចេកទេសក្នុងកែរូបភាព?លោក ឧត្ដម៖ បាទក្នុងការសរសេរ Story Line ឬយើងនិយាយខ្មែរថាសាច់រឿងនៃភាគទី ១ នេះបងត្រូវចំណាយពេលជាងមួយខែកន្លះដើម្បីសរសេរសាច់រឿង ហើយចំណាយពេល ៣ ថ្ងៃកន្លះដើម្បីថតនិងជាង ២០ ថ្ងៃដើម្បីកែសម្រួលគ្រប់សព្វបែបយ៉ាង។ បើសរុបទៅគឺត្រវប្រើពេល ២ ខែជាងដើម្បីចេញបានជាភាគទីមួយដែលមានរយៈពេល ១០ នាទីនេះ។Camnews៖ បើមើលទៅប្រើពេលយូរគួរសមដែរ។ ចុះរឿងនេះបងបានថតក្នុងខែណាដែរ?
លោក ឧត្ដម៖ បាទចំពោះរឿង រត់ ភាគទី ១ នេះយើងបានចុះថតក្នុងដើមខែមិនាហើយបានបញ្ចប់ក្នុងចុងខែមិនា។Camnews៖ និយាយទៅគឺទើបនឹងថតចប់ថ្មីៗនេះដែរ។ ចុះក្នុងការកែសម្រួលផ្សេងៗដូចជា Effect រូបភាព ព្រោះខាង Camnews ក៏ដូចជាប្រិយមិត្តដទៃផ្សេងទៀតសង្កេតឃើញថារាល់ Effect ក្នុងរឿង រត់ភាគទី ១ នេះគឺកែសម្រួលបានស្អាតអាចទទួលយកបានសឹងតែល្អជាងរឿងភាគទូរទស្សន៍មួយចំនួនផង។ បែបនេះហើយចង់ដឹងថា តើក្នុងការកែសម្រួលក៏ដូចជាបន្ថែម Effect ក្នុងភាគទី ១ នេះតើខាង អារម្មណ៍ភាពយន្តមានការសហការណ៍ជាមួយខាងណាខ្លះដែរ?
លោក ឧត្ដម៖ បាទចំពោះការកែនិងបញ្ចូល Effect រូបភាពយើងមានការសហការណ៍ពី Elite FX Studio ដែលជា Studio របស់មិត្តភ័ក្ររបស់បងផ្ទាល់ ហើយនៅមានខាង Lion Media ដែលជាអ្នកថតរូបអាជីពដែលមានជំនាញ Photo Production និងនៅមានអ្នកផ្តល់យោបលគឺលោក Bulli Sot ដែលគាត់ជាខ្មែរនៅសហរដ្ឋ។
Camnews៖ ហើយចុះចំពោះតួរសម្ដែងព្រោះមើលទៅយើងឃើញមានតួរជាខ្មោច Zombie បើគិតទៅតូចណាស់ក៏ត្រូវការមនុស្សជាង ១០ នាក់ដែរដើម្បីជាតួរសម្ដែងក្នុងភាគទី ១ នេះ។ តើតួរទាំងនោះគាត់ជានរណាដែរ? ជាអ្នកសម្ដែងអាជីពឬយ៉ាងណា?
លោក ឧត្ដម៖ បាទចំពោះតួរសម្ដែងដែលយើងឃើញមានតួរជា Zombie គឺសារភាពទៅពួកគាត់សុទ្ធតែជាអ្នកស្គាល់គ្នា ជាមិត្តភ័ក្រស្គាល់គ្នា ហើយពិសេសនោះគឺភាគច្រើនគឺជាមិត្តភ័ក្រដែលស្គាល់គ្នាក្នុង Facebook ដែលពួកគាត់មានចំណាប់អារម្មណ៍ក្នុងការថតខ្សែភាពយន្ត។ ហើយក្នុងការជ្រើសរើសតួរពីដើមឡើយគឺខាងខ្ញុំបានប្រកាសក្នុង facebook ដោយបានដាក់រឿងខ្លីជាគំរូមួយដែលមានចំណងជើងថា ស៊ីផុយ ហើយបន្ទាប់មកជាលទ្ធផលគឺមានមនុស្សចំនួន ២ ទៅ ៣ នាក់គេព្រមស្ម័គ្រចិត្តចូលរួមក្នុងការចងក្រងថតរឿង រត់ ភាគទី ១ នេះ។
Camnews៖ ចំពោះសំនួរចុងក្រោយនេះគឺខាងខ្ញុំចង់ដឹងពីដំណើរការសព្វបែបយ៉ាងនៃខាងផលិតកម្មរបស់បងវិញតើវាមានការលំបាកយ៉ាងណាខ្លះដែរ?
លោក ឧត្ដម៖ បើនិយាយទៅនិយាយថាលំបាក ក៏លំបាក ស្រួលក៏ស្រួល។ ហេតុអីបានជាបងនិយាយបែបនេះព្រោះកាលដែលយើងថតខ្សែភាពយន្តខ្លីបែបនេះខាងយើងខ្ញុំអត់មានបានទទួលកម្រៃពីខ្សែភាពយន្តរឿង រត់ នេះទេតែយើងត្រូវចំណាយសព្វគ្រប់បែបយ៉ាងតែបើថាស្រួលព្រោះយើងមានប្លង់ក្នុងការចំណាយមិនមែនចេះតែចំណាយឥតប្រយោជន៍នោះទេ។ ការពិតទៅផលិតកម្មរបស់បងគឺបង្កើតមកតាំងពីឆ្នាំ ២០១០ ហើយ ២ ឆ្នាំមកនេះគឺអត់ទាន់មានបានចេញអ្វីជាដុំកំភួនធំនោះទេ ព្រោះតែមានការរវល់ ណាមួយសម្រាប់បងជាផលិតករបងអត់ចង់ដើរតាមផ្លូវចាស់របស់អ្នកដទៃ ដែលចេញ CD ចម្រៀងចម្លងភ្លេងតាមបរទេស តែសម្រាប់បងការងារក្នុងរយះពេល ២ ឆ្នាំមកនេះបងបានរៀបចំក្នុងការនិពន្ធសាច់ភ្លេងតែមិនទាន់បានចេញនោះទេ ព្រោះបងគិតថាបងផ្ទាល់នឹងដឹកនាំផលិតកម្មនេះអោយមានអ្វីមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍ ហើយដូចជារឿង រត់ នេះជាដើមយើងអត់មានចម្លងគេនោះទេ គោលបំណងក្នុងការផលិតរឿង រត់នេះដូចជាប្អូនបានឃើញផ្ទាល់ យើងមាន Story Line របស់យើងផ្ទាល់ទោះបីជាវាជាប្រភេទរឿងខ្មោច Zombie តែមិនមែនដូចជារបស់បរទេសដែលជាខ្មោចដើរយឺតៗនោះទេ យើងចង់បង្ហាញអោយគេឃើញក្នុងសាច់រឿងថាមនុស្សបានឆ្លងមេរោគមួយដែលបណ្ដាលអោយក្លាយជាខ្មោចឆៅ ហើយរត់ទៅត្របាក់រាល់អ្វីដែលវាគិតថាជាចំណី។ ចំពោះភាគទី ១ នេះយើងធ្វើវាត្រឹម ១០ នាទីជាងតែក្នុងភាគទី ២ យើងនឹងថតអោយមានលក្ខណៈជាស្តង់ដារព្រោះមានការសំណូមពរពីសំណាក់អ្នកទស្សនាជាច្រើន។ ហើយគោលបំណងធំនៃភាពយន្តភាគខ្លីរឿង រត់ នេះគឺយើងគ្រាន់តែចង់បញ្ហាញមហាជនអោយបានស្គាល់ពីស្នាដៃកូនខ្មែរដែលមានសមត្ថភាពក្នុងការផលិតភាពយន្តមិនចាញ់បរទេសប៉ុន្មានទេ ហើយខ្សែភាពយន្តរឿង រត់ នេះមិនមានគោលបំណងក្នុងការរកប្រាក់កម្រៃអ្វីនោះទេ យើងគ្រាន់តែចង់អោយគេស្គាល់ស្នាដៃនៃការថតបែបនេះប៉ុណ្ណោះ។ ហើយចំពោះតួរសម្ដែងខាងបងក៏នៅតែរើសដូចមុនគឺថាអ្នកណាដែលចង់មានមុខក្នុងរឿង រត់ នេះគឺអាចទាក់ទងមកខាងផលិតកម្មបងផ្ទាល់ក្នុងនាមជាការសម្ដែងស្ម័គ្រចិត្ត ហើយចំពោះថ្លៃរ៉ាប់រងក្នុងការចេញថត ថ្លៃធ្វើដំណើរអ្វីផ្សេងៗ គឺខាងផលិតកម្មបងរ៉ាប់រងជួន មិនអោយខូចប្រយោជន៍ដល់អ្នកមកស្ម័គ្រចិត្តនោះទេ ព្រោះយើងចង់ប្រមូលអ្នកដែលមានសមត្ថភាពក្នុងវិស័យភាពយន្តមកបង្កើតជាអ្វីមួយដែលអាចទាញចំណាប់អារម្មណ៍មហាជនបាន។
សកម្មភាពលោក ទូច ឧត្តម ក្នុង Studio
លោក ទូច ឧត្តម ម្ចាស់ផលិតកម្ម អារម្មណ៍ភាពយន្ត
នេះគឺជាអ្វីដែល អារម្មណ៍ភាពយន្ត ចង់អោយអ្នកទាំងអស់គ្នាបានដឹងពីស្នាដៃនៃការផលិតខ្សែភាពយន្តរបស់ខ្មែរ ដោយមានក្ដីសង្ឃឹមយ៉ាងមុតមាំក្នុងការផលិត ក៏ដូចជាទឹកចិត្តក្នុងការលើកកំពស់វិស័យសិល្បះភាពយន្តរបស់ខ្មែរ។ ចុះលោកអ្នកវិញគិតយ៉ាងណាដែរចំពោះដំណើរការនៃការផលិត និងក្ដីសុបិន្តរបស់អារម្មណ៍ភាពយន្ត? ប្រសិនបើលោកអ្នកគាំទ្រពួកគេអ្នកអាច ចូលជាសមាជិកអ្នកគាំទ្រ អារម្មណ៍ភាពយន្តបានដោយគ្រាន់តែចុច Like នៅលើទំព័របស់ អារម្មណ៍ភាពយន្ត នៅលើ facebook។
ដោយ៖ វឌ្ឍនា, មិនា