ខេត្តកណ្តាលៈ រោងគោទំហំ៥ ម៉ែត្រគុណ ៦ម៉ែត្រ ធ្វើអំពីឈើ ប្រកស័ង្កសី ជញ្ជាំងក្តារ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ដល់នគរបាល ស្រុកអង្គស្នួល ហើយបានប្រើរថយន្តពន្លត់ បាញ់អស់ ចំនួន ២រថយន្ត ទើបរលត់ទៅវិញ កាលពីវេលាម៉ោង១៩និង៣០នាទី យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិទម្លាប់ ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាល ស្រុកអង្គស្នួល បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់គោបានបញ្ចូលសត្វគោ ក្នុងរោងរួចហើយដុតភ្លើង ទុកចោលបានមកចូលដេកបាត់លុះដល់ ម៉ោងកើតហេតុ ក៏មានអណ្តាតភ្លើង យ៉ាងសន្ធោរសន្ធៅ ទើបមានការភ្ញាក់ ផ្អើលកើត ឡើង ភ្លាមៗប្រជាពលរដ្ឋ បានសហការ ជាមួយកម្លាំង នគរបាលប៉ុស្តិ៍ ដំណាក់ អំពិល និងនគរបាល ស្រុកអង្គស្នួល ជួយ ពន្លត់រលត់ទៅវិញ ដោយក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យប្រចាំស្រុកអង្គស្នួល បាញ់អស់ចំនួន២ជើង ហើយក្នុង ករណីនេះពុំមានគ្រោះដល់អ្វីមួយ នោះទេ គឺគ្រាន់តែខូចខាតរោងគោ ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ប៉ុណ្ណោះ។
លោកមាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមឲ្យ មានស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត កុំធ្វេស ប្រហែសឲ្យសោះ ចំពោះបញ្ហាអគ្គិភ័យនេះជាក់ស្តែងដូចជាករណីខាងលើនេះបណ្តាលមកការធ្វេសប្រហែស របស់ម្ចាស់រោងគោ នេះសំណាង ល្អហើយ ដែលផ្ទះនៅដាច់ពីរោងគោបើពុំដូច្នេះទេ គឺអាចខូចខាតទ្រព្យសម្បត្តិ រងការលំបាកជាក់ជាមិន ខាន ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/july/id-011/Hong-0577.jpg width=500]()


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល