(ភ្នំពេញ)៖ បុរសជនជាតិហូរឡង់ម្នាក់ បានវាយកំទេចសោរទ្វារ និងបុកទម្លុះពិដាន បន្ទប់ឃុំឃាំងរបស់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបនឹងសង់រួច សម្រាប់ដាក់អ្នកស្រវឹង ក្រោយឃាត់ខ្លួននៅតាមបណ្តាខណ្ឌ ។ ជនបង្ករូបនេះ ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។

លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់ Fresh News ថាជនបង្ករូបនេះមានឈ្មោះ Niel Heco Comelis Van Klooster អាយុ២៨ឆ្នាំ ជនជាតិហូរឡង់ ស្នាក់នៅផ្ទះលេខ១២ ផ្លូវ៤២០ សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង ១២៖៤៨នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅគោលដៅ មុខផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយគណៈកម្មការចំរុះ ចុះត្រួតពិនិត្យជាតិអាល់កុល0,94 មីល្លីក្រាមក្នុងមួយលីត្រខ្យល់ ដែលជាកំរិតតម្រូវឲ្យឃាត់ខ្លួន បញ្ជូនទៅតុលាការ។

លោក សែម គន្ធា បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ព្រោះតែមានជាតិស្រវឹងនោះ ជនបរទេសរូបនេះត្រូវបានបញ្ជូនទៅឃុំឃាំង ជាបណ្តោះអាសន្ន ស្រាប់តែជននេះ ពោពេញដោយភាពស្រវឹងនោះ បានទៅវាយកំទេចសោរទ្វារ និងបុកទម្លុះពិដាន បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

បើតាមមន្រ្តីនគរបាលរូបនេះ ជនបរទេសខាង ក្រៅពីការចោទប្រកាន់លើបទល្មើសសេពគ្រឿងស្រវឹងនោះ គឺត្រូវរងការចោទប្រកាន់ បទល្មើសមួយទៀតនោះ គឺបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អង្គភាពសមត្ថកិច្ច និងមានបំណងចង់រត់គេចខ្លួន៕

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី