សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៧ មេសា ឆ្នាំ ២០២០ នេះ បានរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃការឡើងកាន់អំណាច នៃរបប “ កម្ពុជាប្រជាធិបតេយ្យ” ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប “ ប្រល័យពូជសាសន៍ប៉ុលពត” ឬហៅថា “របបខ្មែរក្រហម”។

/

សម្ដេចនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ “ចំថ្ងៃនេះ កាលពី ៤៥ ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូល អោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ និងបានបង្ខំអោយធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងមិនបានជួបជុំក្រុមគ្រួសារឡើយ “។

សម្រេចបានបន្ថែមថា៖ “សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថា ជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម”។

/

ក្រោមការគ្រប់គ្រង និងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង ៣ លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធិមនុស្សណាមកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ

យើងចងចាំរបបដឺព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា”

ប្រភព៖ ទំព័រហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្ដី