TAIPEI:  Foxconn ក្រុមហ៊ុនផ្គត់ផ្គង់ដល់បន្ទះឈីបដល់ក្រុមហ៊ុន Apple  នឹងបង្កើនការវិនិយោគ​ នៅប្រទេសឥណ្ឌា និងតៃវ៉ាន់នៅឆ្នាំនេះ ខណៈដែលខ្លួនបានខិតខំប្រឹងប្រែងដកខ្លួនឱ្យនៅឆ្ងាយពីប្រទេសចិន ស្របពេលមានភាពប្រេះឆាកាន់តែខ្លាំងឡើង រវាងទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក លើសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

/

លោក Young Liu ប្រធានក្រុមហ៊ុន Foxconn បានប្រាប់ម្ចាស់ភាគហ៊ុនថា ប្រទេសឥណ្ឌា នឹងក្លាយជាកន្លែងដ៏ល្អមួយដើម្បីអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន  ហើយយើងកំពុងធ្វើការជំរុញយ៉ាងខ្លាំងដើម្បីសម្រេចឱ្យបាននូវទិសដៅវិនិយោគ ​ក្នុងប្រទេសឥណ្ឌា។

លោក Young Liu​ បានបញ្ជាក់ថា សម្រាប់តៃវ៉ាន់ ការពង្រីកការវិនិយោគ នឹងផ្តោតលើវិស័យ ដែលកំពុងរីកចម្រើនចំនួន ៣ ដូចជា វិស័យយានយន្តអគ្គិសនី គ្រឿងយន្ត(robotics) និង​​ឧបករណ៍វេជ្ជសាស្ត្រឆ្លាតវៃ​ ដែល Foxconn មើលឃើញថា ជាកត្តាជំរុញកំណើននាពេលអនាគត ​។

តៃវ៉ាន់ ឥណ្ឌា​ និងវៀតណាម ស្ថិតក្នុងចំណោមទីតាំង ដែលការពង្រីកភាគច្រើន បានកើតឡើងក្នុងរយៈពេលពីរឆ្នាំកន្លងមក។ លោក លីវ បាននិយាយថា ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ជាង ១១ ពាន់លានដុល្លារតៃវ៉ាន់ (៣៧១ លានដុល្លារ) នៅឥណ្ឌា និងច្រើនជាង ៦ ពាន់លានដុល្លារ(ប្រាក់តៃវ៉ាន់) នៅវៀតណាមក្នុងឆ្នាំ ២០១៨ និង ២០១៩ ។

សូមបញ្ជាក់ផងដែរថា  ដោយសារសង្រ្គាមពាណិជ្ជកម្ម​ និង​​បច្ចេកវិទ្យា រវាងចិន ​និងអាមេរិច ក្រុមក្រុមហ៊ុនអន្តរជាតិធំៗនានា ​បាននឹងបន្តដករោងចក្ររបស់ខ្លួនជាបណ្តើរៗ ដើម្បីបញ្ជៀសខ្លួនអោយឆ្ងាយពីទំទាស់នេះ  ក្នុងគោលបំណងជៀងវាងការទទួលទណ្ឌកម្ម  ជាយថាហេតុដោយអាមេរិក៕

/

 

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Asia.nikkei