ភ្នំពេញៈ ជារឿងធម្មតារបស់តារាប្រុសស្រី នៅក្នុងពិភពសិល្បៈ ភាគច្រើន តែងតែនិយមប្រជែងគ្នា សម្ញែងភាពហ៊ឺហារ របស់ខ្លួន ដោយមិនសំចៃដៃនោះទេ ដូចជា ក្នុងកម្មវិធីខួបកំណើត ឡើងគេហដ្ឋាន ជាដើម ។ តារាទាំងអស់ចំណាយប្រាក់ មិន តិចជាងខ្ទង់ម៉ឺនដុល្លារទេ ក្នុងការរៀបចំកម្មវិធី ឲ្យមើលទៅ ហ៊ឺហារ ស៊ីវិល័យទៅតាមសន្ទុះ កេរ្តិ៍ឈ្មោះរបស់ពួកគេ ។ តែដោយឡែក កញ្ញា សិដ្ឋ ឆលីដា បែរជាប្រាប់ឲ្យដឹងថា នៅថ្ងៃខួបកំណើតរបស់នាង មិនបានរៀបចំកម្មវិធីធំដុំទេ ព្រោះមិនចង់ល្បី ដោយ សារភាពហ៊ឺហារ ឡូយឆាយនោះទេ។

ស្រីស្អាត សិដ្ឋ ឆលីដា បានបោះជំហានចូលប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើន ឆ្នាំមកហើយ តែសន្ទុះកេរ្តិ៍ឈ្មោះរបស់នាង ហាក់បីដូចជានៅទ្រឹងមិនសូវមាន ភាពលេចធ្លោខ្លាំងទេ ហើយក៏មិនធ្លាប់ជំពប់នឹងរឿងរ៉ាវ អាស្រូវស្នេហាណាមួយទេ ទន្ទឹមជាមួយគ្នានោះដែរ នាងក៏មិនធ្លាប់បង្ហាញ ពីជីវភាពរស់នៅ ជាមួយភាពហ៊ឺហារខ្លាំង ដូចតារាស្រីដទៃនោះដែរ។

សូម្បីតែកម្មវិធីខួបកំណើតមួយឆ្នាំមានម្តង ដែលតារាមួយចំនួន ទន្ទឹងរង់ចាំឲ្យមកដល់ពេលឆាប់ៗ និង ត្រៀមលុយ រាប់ម៉ឺនដុល្លារ ក្នុងការរៀបចំកម្មវិធីនោះ ក៏ពិធីការិនីប្រចាំនៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន កញ្ញា សិដ្ឋ ឆលីដា ហាក់ដូចជាមិនអើពើ ក្នុងការរៀបចំកម្មវិធីជប់លៀង ខួបកំណើតឲ្យ ហ៊ឹកហ៊ាក់នោះទេ ។

កញ្ញា ឆលីដា បានប្រាប់យ៉ាងខ្លី ទាំងកំពុងរវល់ផាត់មុខថា ខួបកំណើតខ្ញុំ គ្មានកម្មវិធីជប់លៀង ធំដុំទេ គ្រាន់តែជួបជុំញុំាអីជាមួយមិត្តភក្តិតិចតួច តែប៉ុណ្ណោះ ព្រោះថាខ្ញុំមិនសូវចូលចិត្ត ភាពអ៊ូអរខ្លាំងពេកទេ ។ ម្យ៉ាងមិនចង់ល្បី ដោយសារ តែភាពហ៊ឺហារនេះទេ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល