បន្ទាយមានជ័យ ៖ បុរសម្នាក់ បានចងកសម្លាប់ខ្លួន ក្រោយពីមានទំនាស់ពាក្យសម្តី ជាមួយអ្នកភូមិ វាយគ្នា ផ្អើលវង់ផឹកស៊ី ទៅដល់ផ្ទះតូចចិត្តនឹងប្រពន្ធស្តីបន្ទោស លុះព្រឹកឡើង ទើបគេប្រទះឃើញសពចងកនៅ ក្រោមផ្ទះប្អូនស្រី កាលពីវេលាម៉ោង ៣ទាបភ្លឺ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ នៅភូមិស្នាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោក សិទ្ធ ឡោះ ស្នងការរង ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣នេះ ថា ជនរងគ្រោះមានឈ្មោះ ឈីម ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិឃុំខាងលើ មានមុខរបរធ្វើស្រែ។ លោកបានបន្តថា មុនកើតហេតុជនរងគ្រោះ បានទៅផឹកស៊ីជាមួយអ្នកភូមិ កាលពីក្បាលព្រលប់លុះដល់ម៉ោង៩យប់ ស្រាប់តែជនរងគ្រោះមានទំនាស់ពាក្យសម្តីគ្នា ហើយបានវាយគ្នាមួយប្រាវ ក្រោយកើតហេតុ ជនរងគ្រោះក៏បាននាំប្រពន្ធទៅផ្ទះ ត្រូវបានប្រពន្ធស្តីបន្ទោសបង្កឲ្យមានភាពក្តៅក្រហាយមួយប្រាវទៀតស្រាប់តែព្រឹកឡើង ស្រាប់តែគេប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ។
លោក សិទ្ធ ឡោះ បានបន្តថា ក្រោយពីសមត្ថកិច្ចជំនាញ និង លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងអម សាលាដំបូង ខេត្តបន្ទាយមានជ័យ ធ្វើការត្រួតពិនិត្យសពជនរងគ្រោះ ឈីម ធឿន រួចកម្លាំងនគរបាលអធិ ការដ្ឋានស្រុកព្រះនេត្រព្រះ ក៏ឈានដល់ការឃាត់ខ្លួនមនុស្ស ២នាក់ ដែលវាយជនរងគ្រោះ ពេលផឹកស៊ី យកមកសួរនាំផងដែរ ។ ជនសង្ស័យទាំង២នាក់ រួមមាន ១-ឈ្មោះ រីន ឈឿត ភេទប្រុស អាយុ ៤៤ឆ្នាំ ២-ឈ្មោះ លី លួយ ភេទប្រុស អាយុ ១៨ឆ្នាំ ជាក្មួយប្រុសបង្កើតរបស់ជនរងគ្រោះ ។
ក្រោយសួរនាំជនសង្ស័យទាំងពីរ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ ការតាមនីតិវិធីច្បាប់ ៕




ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល