(ភ្នំពេញ)៖​ តារាចម្រៀង និយមភាពសិចស៊ី បញ្ចេញសាច់ស្រឡូន អ្នកនាង ឃិត សំម៉ាលីស ក្រោយពី​ឈា​ន​ជើ​ង​ចូល​ប្រឡូក ក្នុងវិស័យ​សិ​ល្បៈជាច្រើនឆ្នាំមកនេះ ត្រូវ​បានមហាជន​ស្គាល់ និងមើលឃើញ​ថា នាងជាតារាស្រីមួយដួង ដែលមានឱកាស​ច្រើន​ ក្នុង​ការ​​បង្ហាញ​មុខ​ តាម​រយៈក​ម្មវិធីប្រគំតន្រ្តី របស់ស្ថានីយទូរទស្សន៍ ក្នុងស្រុក ព្រមការចេញសម្តែង តាមបណ្តាខេត្តនានា។ ប៉ុន្តែពេលនេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា នាងកំពុងតែធ្វើដំណើរ ចាកចេញពីពិភពសិល្បៈបន្តិចម្ដងៗហើយ ដើម្បីយកពេលវេលានេះ បើកជំនួញរកស៊ីផ្ទាល់ខ្លួន និងលែងព្រួយបារម្ភពីបញ្ហាកេរ្តិ៍ឈ្មោះទៀតដែរ។

ទន្ទឹមនឹងការងារសិល្បៈ និងសន្ទុះនៃកេរ្តិ៍ឈ្មោះរបស់នាង កំពុងតែបោះជំហានទៅមុខ នៅមុននេះបន្តិចក៏ស្រាប់តែ បែកធ្លាយដំណឹងអាពាហ៍ពិពាហ៍ លួចលាក់រវាង នាង ឃិត សំម៉ាលីស ជាមួយស្វាមីវ័យប្រហែលគ្នា មកពីខេត្តបន្ទាយមានជ័យ រហូតធ្វើឲ្យប្រជាប្រិយភាព និងការគាំទ្រក្នុងវិស័យ​សិ​ល្បៈ មានការធ្លាក់ចុះ ស្ទើរហៅលែងឮ។ មិនតែប៉ុណ្ណោះថ្មីៗនេះ ប្រភពច្បាស់ការមួយ បានបង្ហើបថា ម៉ាលីស បានសម្រេចផ្អាក​ពីសិល្បៈ ទៅរស់នៅតាមស្វាមី យកពេលមើលការខុសត្រូវ លើមុខជំនួញរកស៊ីផ្ទាល់ខ្លួនខាងក្រៅ។ ខណៈដែលមុននេះ ក៏មានព័ត៌មានដែរថា នាងបានចំ​ណាយ​លុយ​​ ខ្ទង់រាប់ម៉ឺនដុល្លារ បើករបររកស៊ីផ្ទាល់ខ្លួន​។

ប្រភពពីរង្វង់អ្នកសិល្បៈ បានប្រាប់គេហទំព័រ Khmertalking ថា សព្វថ្ងៃនេះ អតីតតារាចម្រៀងស្រី ​អ្នកនាង ឃិត សំម៉ាលីស កំពុងតែក្លាយទៅជា ថៅកែវ័យក្មេងមួយរូប ហើយរវល់ខ្លាំងជាមួយនឹងមុខជំនួញ រកស៊ីផ្ទាល់ខ្លួន ។ ដូច្នេះទើបនាងសម្រេចចិត្តផ្អាក ពីសិល្បៈ ដើម្បីឈរមើលការខុ​សត្រូវ លើមុខជំនួញ រហូតលេចចេញជាផ្លែផ្កា ដំណើរយ៉ាងជោគជ័យ។ ដោយឡែកសម្រាប់អាជីពសិល្បៈ ប្រហែលនាងមិនអាច ត្រឡប់ក្រោយវិញបានទេ ព្រោះ​នាងបានសម្រេចចិត្តច្បាស់ណាស់ថា ឈប់ពីសិល្បៈ តម្រូវតាមចិត្តស្វាមី។

គេនៅចាំបានថា មុននេះបន្តិច ក៏មានព័ត៌មាននិយាយពីគម្រោង ក្នុងការបើកហាងពីសំណាក់ អតីតតារាចម្រៀងនាង ឃិត សំម៉ាលីស ផងដែរ តែកាលនោះ មិនមានប្រតិកម្មអ្វីពីនាងនោះឡើយ។ ផ្ទុយទៅវិញព័ត៌មាននេះ មិនទាន់ទាំងរំសាយយូរប៉ុន្មានផង ពេលនេះក៏ធ្លាយដំណឹងថា នាងបានឈប់ពីសិល្បៈ ដើម្បីយកពេល ទៅរកស៊ីផ្ទាល់ខ្លួនទៅវិញ។

ទាក់ទងនឹងព័ត៌មាននេះ គេហទំព័រ Khmertalking នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ បានទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីសុំការបកស្រាយពីអ្នកនាង ឃិត សំម៉ាលីស ដែរ។ ប៉ុន្តែលេខទូ​រស័ព្ទរបស់​នាង នៅពេលតេចូលត្រូវបាន នារីម្នាក់ទទួលជំនួស ហើយប្រាប់ថា ច្រឡំលេខ រួចក៏ចុះផ្តាច់ទៅវិញភ្លាមៗតែម្តង៕

width=730

width=730

width=730

width=730

width=730

width=730

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី