Nguyen Thi Ngoc Duyen អាយុ ២៣ឆ្នាំ បានយកឈ្នះលើតំណាងសម្រស់របស់ប្រទេសចំនួន ៤១ ហើយបានគ្រងមកុដក្នុងរាត្រីផ្ដាច់ព្រ័ត្រក្នុងក្រុង Seoul ប្រទេសកូរ៉េខាងត្បូង នាយប់ថ្ងៃទី ២៤តុលា។

នៅលើទំព័រផ្ទាល់ខ្លួន Ngoc Duyen បានសរសេរថា “លទ្ធផលបែបណាគឺវាមិនសំខាន់នោះទេ ព្រោះបានប្រឹងប្រែងអស់ពីសមត្ថភាពទៅហើយ។ បានធ្វើជាអ្នកតំណាងប្រទេសមួយទៅចូលរួមប្រកួតគឺជាមោទនភាពណាស់ទៅហើយ ជូនពរឱ្យនារីទាំងឡាយជួបសំណាងល្អ”។

តំណាងរបស់វៀតណាម ត្រូវបាននាយកដ្ឋានសិល្បៈអនុញ្ញាតឱ្យទៅចូលរួមប្រឡងកាលពីថ្ងៃទី ៣តុលា។ ក្នុងផ្នែកប្រឡងសម្លៀកបំពាក់ជនជាតិ Ngoc Duyen ជ្រើសរើសអាវវែងដើម្បីបង្អួតសម្រស់នៃនារីជនជាតិវៀតណាម។

Ngoc Duyen មានស្រុកកំណើតនៅខែត្រវុងតាវ មានកំពស់ ១,៧៤ម៉ែត្រ។ នាងមានរូបរាងស្រស់ស្អាត សម្បុរ ស។ Ngoc Duyen ត្រូវបានគេស្គាល់ច្រើន ក្រោយពីដណ្ដើមបានពានរង្វាន់កំពូលម៉ូដែលមួយកាលពីឆ្នាំ ២០១៥។ Ngoc Duyen ក៏ធ្លាប់ឡើងដល់ top 5 នៃការប្រកួតសម្រស់នារីសម័យថ្មី ឆ្នាំ ២០១២ផងដែរ។
កម្មវិធីប្រកួត Miss Global Beauty Queen ត្រូវបានធ្វើឡើងជាលើកដំបូងកាលពីឆ្នាំ ២០០៥ នៅប្រទេសចិន។ កម្មវិធីនេះ បង្ហាញអំពីសម្រស់ សប្បុរសធម៌ និងបញ្ជាក់អំពីសមត្ថភាពរបស់នារីក្នុងសម័យទំនើប។ ដំបូងឡើយ កម្មវិធីប្រឡងនេះ គ្រាន់តែធ្វើឡើងសម្រាប់តំណាងរបស់បណ្ដាក្រុងនៅលើពិភពលោក។ ឆ្នាំ ២០១១ កម្មវិធីប្រឡងនេះ ត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយធំក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់តំណាងបណ្ដាប្រទេស។

Miss Global Beauty Queen ឆ្នាំ ២០១៥ គឺបានទៅលើ Vethaka Pethsuk មកពីប្រទេសថៃ។
ឆ្នាំនេះ ការប្រឡង Miss Global Beauty Queen ត្រូវបានធ្វើឡើងនៅក្រុង Seoul ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២៤តុលា៕
ប្រែសម្រួល ៖ តារាប្រភព ៖ vnexpress