ភ្នាក់ងារល្បាតព្រំដែន និងពន្ធគយអាមេរិក (CBP) កាលពីថ្ងៃសុក្រកន្លងទៅនេះ​ បានចេញបទបញ្ជាហាមឃាត់ការនាំចូល(withhold release order) ចំពោះក្រុមហ៊ុននេសាទចិន ក្រោមស្លាកយីហោ Dalian Ocean Fishing ។

/

បទបញ្ជាហាមឃាត់ការនាំចូលនេះ គឺមានគោលដៅចំបងដាក់ការហាមឃាត់លើការនាំចូលផលិតផលនានា ពីក្រុមនេះ ឬតំបន់ ដែលប្រើពលកម្មដោយបង្ខំ(forced labor) ។ នាពេលថ្មីៗនេះ ស្ថាប័ន CBP  ក៏បានចេញការហាមឃាត់ ចំពោះការនាំចូលកប្បាស និងប៉េងប៉ោះពីខេត្ដស៊ិនជាំង ចំពោះការអះអាងដូចគ្នាផងដែរ ។   ពុំមានលក្ខណៈដូចការដាក់ទណ្ឌកម្មឡើយ បទបញ្ជាហាមឃាត់ការនាំចូល ត្រូវបានចេញដោយផ្ទាល់ពី CBP ក្រោយការស៊ើបអង្កេតចូលទៅក្នុង ការប្រើប្រាស់ពលកម្មដោយបង្ខំ ។ ចំណែកការដាក់ទណ្ឌកម្ម គឺជាបទបញ្ជា ដែលត្រូវបានបង្កើតដោយឡែក ដោយស្ថាប័ននីតិប្រតិបត្ដិ ។

កិច្ចខិតខំប្រឹងប្រែងនេះ គូសបញ្ជាក់ឱ្យឃើញច្បាស់ជាបំបូងថា សហរដ្ឋអាមេរិក បានបិទការនាំចូលផលិតផលពីនាវានេសាទទាំងអស់ ដូចដែលភ្នាក់ងារនេះ បានដាក់ការហាមឃាត់ចំពោះក្រុមហ៊ុន ដែលមាននាវាតែមួយ ។ ភា្នក់ងារ CBP បានចោទប្រកាន់ពីបទអនុវត្ដពលកម្មដោយបង្ខំទ្រង់ទ្រាយធំ ចំពោះនាវារបស់ក្រុមហ៊ុននេសាទ  Dalian Ocean Fishing ដែលបានប្រព្រឹត្ដនៅលើវានារបស់ក្រុមហ៊ុននេះរហូតដល់ ៣២ គ្រឿង ។

ពលកម្មដោយបង្ខំ ត្រូវបានចាត់ទុកថា ជាទម្រង់ទាសភាពសម័យថ្មី ។ តែទោះយ៉ាងណា វាមិនដូចអំពើទាសភាពទាំងស្រុងនោះទេ ដោយសារតែពលកម្មដោយបង្ខំ ពុំតម្រូវឱ្យបុគ្គលម្នាក់ មានសិទ្ធិអំណាចតាមផ្លូវច្បាប់ លើបុគ្គលម្នាក់ទៀតនោះទេ ។ ផ្ទុយទៅវិញ ពលកម្មដោយបង្ខំ គឺសំដៅទៅលើកិច្ចការងារ ដែលត្រូវបានធ្វើ ដោយគ្មានការស្ម័គ្រចិត្ដពីភាគី និងក្រោមការគម្រាមដាក់ទណ្ឌកម្ម ជាតួយ៉ាងដូចការប្រើហិង្សាជាដើម នេះបើយោងតាមអង្គការពលកម្មអន្តរជាតិរបស់ UN ។ CBP បានអះអាងថា ខ្លួនបានរកឃើញការបញ្ជាក់ពីទម្រង់ពលកម្មដោយបង្ខំចំនួន ១១ ចំណុចរបស់ ILO នៅលើនាវានេសាទរបស់ក្រុមហ៊ុន Dalian Ocean Fishing ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist