តុលាការចិនកាលពីម្សិលមិញបាននាំខ្លួនបុរសជាមេដឹកនាំបណ្ដាញរត់ពន្ធដែលមានតម្លៃ ១០ពាន់លានដុល្លារឡើងតុការកាត់ទោស បន្ទាប់ពីតាមចាប់ខ្លួនជាច្រើនឆ្នាំ។

/

ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា តុលាការក្រុង Xiamen នៃខេត្ត Fujian របស់ប្រទេសចិនបានបើកសាវនាការកាត់ទោសលោក Lai Changxing ជាជនជាប់ចោទពីបទទាក់ទឹននឹងបណ្ដាញជំនួញគេចពន្ធ និងសូកប៉ាន់ដែលមានតម្លៃ ១០ពាន់លានដុល្លារអាមេរិកចាប់ពីពាក់កណ្ដាលឆ្នាំ ១៩៩០ នៅខេត្រនេះ។

Lai Changxing អាយុ ៥៣ឆ្នាំ គឺជាអ្នកជំនួញគេចពន្ធដ៏កំពូលម្នាក់។ ផលិតផលដែលបុរសនេះធ្វើការជួញដូរគេចពន្ធ មានដូចជា រថយន្ដ បារី សម្ភារៈប្រណិតៗ សំលៀកបំពាក់ គីមី ព្រមទាំងបានសូកប៉ាន់ដើម្បីប្រព្រឹតអំពើខាងលើតាំងពីឆ្នាំ ១៩៩០ ដល់ ១៩៩៦។

ទីភ្នាក់ងារសារព័ត៌មាន BBC បានផ្សាយថា មន្ដ្រីជាន់ខ្ពស់ផ្នែកពន្ធគយ នគរបាល រាប់រយនាក់របស់ខេត្រ Fujian និងមន្ដ្រីផ្នែកផ្សេងៗមួយចំនួនទៀតដែលមានជាប់ទាក់ទឹននឹងករណីខាងលើត្រូវបានកាត់ទោស ក្នុងនោះ យ៉ាងហោចណាស់ក៏មានមន្ដ្រីពីររូបត្រូវកាត់ទោសប្រហារជីវិត។

គួរបញ្ជាក់ថា កាលពីឆ្នាំ ១៩៩០ Lai Changxing រួមជាមួយប្រពន្ធ និងកូនបានរត់គេចខ្លួនទៅកាន់ប្រទេសកាណាដា ដោយសារការតាមចាប់ខ្លួនពីនគរបាលប្រទេសចិន។ បុរសនេះបានគេចខ្លួនអស់រយៈពេល ១២ឆ្នាំ។ ក្រោយមក នគរបាលចិន បានសហការណ៍ជាមួយសមត្ថកិច្ចកាណាដា និងបាននាំខ្លួនបុរសនេះមកកាន់ប្រទេសចិនកាលពីខែ កក្កដា ឆ្នាំ ២០១១៕

ដោយ ៖ សូរីយ៉ា ប្រភព ៖ VE