ភ្នំពេញ៖ បើទោះបីជាការឈានជើង ចូលប្រឡូកក្នុងសិល្បៈ របស់តារាសម្តែង និងជាតារាម៉ូដែលប្រចាំ ក្រុម Cambodia Super Model កញ្ញា សោម ស្រីនាថ មានរយៈពេលខ្លីក៏ពិតមែន តែបើគិតពីប្រជាប្រិយភាពរបស់នាង គឺហាក់មានសន្ទុះក្រឺតៗជាលំដាប់ ។ ពោល គឺប្រជាប្រិយភាពរបស់នាង កំពុងតែកើនឡើង ដូចកាំជណ្តើរតែម្តង ខណៈត្រូវបានមហាជន និងស្រទាប់យុវវ័យស្គាល់ យ៉ាងច្បាស់តាមរយៈ ការដើរម៉ូត ស្ពតពាណិជ្ជកម្ម និងការសម្តែង ក្នុងខ្សែភាពយន្ត ។

មិនត្រឹមតែជាតារាសម្តែង និងតារាម៉ូដែលប៉ុណ្ណោះទេ កាលពីពេលកន្លងទៅថ្មីៗនេះ ស្រីស្រស់តូច ច្រឡឹងវ័យ២១ឆ្នាំ សោម ស្រីនាថ ក៏ធ្លាប់បានស្ថានីយទូរទស្សន៍ មួយចំនួនទាក់ទងឲ្យ នាងឡើងបង្ហើរសំនៀង នៅលើឆាកតន្ត្រីផងដែរ ។ ចំពោះការឡើងច្រៀង នៅលើកញ្ចក់ទូរទស្សន៍ កញ្ញា សោម ស្រីនាង នេះដែរ ត្រូវបានបង្ហើបឲ្យដឹងថា មានការពិបាកបន្តិចបន្តួច ព្រោះ នាងមិនមែនជា តារាចម្រៀងអាជីពនឹងគេ ។ តែទោះជាយ៉ាងណាការច្រៀងរបស់នាង គឺអាចប្រើការបានមិនចាញ់តារាចម្រៀង អាជីពមួយចំនួន ប៉ុន្មានឡើយ ។

មួយរយៈចុងក្រោយនេះ តារាសម្តែងវ័យក្មេង សម្បូរមន្តស្នេហ៍ សោម ស្រីនាង បានបង្ហើបឲ្យដឹងថា ការងារសិល្បៈហាក់ មមាញឹកច្រើនគួរសម ជាពិសេស គឺរវល់ដើរម៉ូតច្រើនជាងគេ ហើយការថតស្ពត និងសម្តែងខ្សែភាពយន្តគឺ ជាការងារបន្ទាប់បន្សំ ។ តែទោះជាយ៉ាងណា ស្រីនាថ មិនទាន់ថតខ្សែភាពយន្តរឿង ម៉ែក្មេករើសកូនប្រសារ ចប់នៅឡើយទេ ។

ដោយឡែកកាលពីកន្លងទៅ តារាសម្តែងរូបស្រស់សោភា កញ្ញា សោម ស្រីនាថ ធ្លាប់អះអាងប្រាប់ គេហទំព័រ LookingTODAY ថា នាងគ្មានសង្សារទេ ហើយក៏គ្មាន ទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់ដែរ ។ ការអះអាងរបស់ ស្រីនាថ មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះមានប្រភព ពីអ្នកនៅក្នុងចង្កោមសិល្បៈដែលស្និទ្ធនឹងនាងបានបង្ហើបឲ្យដឹងថា តារាបង្ហាញម៉ូតរូបនេះ មានបុរសវ័យជ្រេតាម កៀកកិតសុំស្នេហ៍ ពីនាងរហូត ។ មិនតែប៉ុណ្ណោះប្រភពដដែល បានឲ្យដឹងទៀតថា បុរសនោះតែងតែជូន ស្រីនាថ ទៅដើរលេង ញ៉ាំអាហារញឹកញាប់ ជាមួយគ្នាទៀតផង ។

ពាក់ព័ន្ធរឿងនេះ កញ្ញា សោម ស្រីនាថ បានអះអាងដោយម៉ាត់ៗថា នាងគ្មានអ្នកណាបើកឡានជូននាង ទៅណាមកណានោះទេ គេនិយាយនោះមិនពិតទេ ។ តែស្រីស្រស់តូចច្រឡឹង សោម ស្រីនាថ បានសារភាពថា រាល់ពេលខ្ញុំទៅថត គឺខ្ញុំជិះឡានជាមួយស្រីៗគ្នាឯងទេ ។ អត់មានទៅជាមួយប្រុសណាផ្សេងទេ ។ តែកាលពីខ្ញុំ ទៅច្រៀងមានបងប្រុសម្នាក់ គាត់រាប់អានខ្ញុំ ដូចប្អូនស្រីអ៊ីចឹង គឺគាត់បានជូនខ្ញុំទៅ ហើយគាត់ជាអ្នកផាត់មុខឲ្យខ្ញុំ ។

ខណៈសួរទៅដល់រឿងរ៉ាវស្នេហាវិញ តារាសម្តែងវ័យក្មេង កញ្ញា សោម ស្រីនាថ បានប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា ខ្ញុំអត់ទាន់ចង់គិតរឿងស្នេហាហ្នឹងទេបង...! តែមានគេស្រឡាញ់ខ្ញុំ ហើយមានអ្នកខ្លះទូរស័ព្ទមកច្រឡំលេខ ហើយថាចង់រាប់អានខ្ញុំ តែចំពោះខ្ញុំ គឺអត់រវីរវល់ជាមួយទេ។ សំខាន់គឺលើខ្លួនយើងទេបង...! បើយើងមិនរញ៉េរញៃជាមួយគេ គឺគេមិនហ៊ាននោះទេ ។

សោម ស្រីនាថ បានឲ្យដឹងទៀតថា សូម្បីតែនៅក្នុងហ្វេសប៊ុក ក៏មានគេលេងជាមួយច្រើនដែរ ហើយថែមទាំងនិយាយសុំស្រឡាញ់ទៀតផង ។ តែនាងមិនរវីរវល់ជាមួយនោះទេ នៅពេលដឹងថា គេចង់ទាក់ទងសុំសេចក្ដីស្នេហាពីនាង ៕

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល