ភ្នំពេញ : តារាចម្រៀងល្បីល្បាញគួរសម នាង ញឹម ចាន់ថន ដែលមានទីផ្សារមួយខ្យល់ធំ ក្នុងពិភពភាពយន្ត បន្ទាប់ពីអាជីពចម្រៀងដាំក្បាលចុះនោះ បានឈានដល់ចំណុចផ្កាប់មុខហើយ ក្នុងពេលដែលនាងកំពុងត្រូវគេសង្ស័យថា មានស្នេហាថ្មី ក្រោយពីបែកបាក់ស្វាមីមិនបានចូលរោងការកាលពីជាងពីរឆ្នាំមុន។ ភាពបរាជ័យលើមាគ៌ាសិល្បៈនេះ ត្រូវបាននាងអះអាងថា មិនមែនកើតមានចំពោះតែរូបនាងទេ ពោលគឺនោះជាវិបត្តិចំពោះតារាសិល្បៈប្រុសស្រីគ្រប់គ្នា ដែលមូលហេតុចម្បងគឺដោយសារតែខាងផលិតកម្ម ជ្រែងជើងឈរលែងរួច ហើយចាប់ផ្ដើមដួលបន្តកន្ទុយគ្នា។
ញឹម ចាន់ថន សាងភាពល្បីល្បាញ ក្នុងនាមជាតារាចម្រៀង និងជាពិធីការិនី បានស្ដួចស្ដើងប៉ុណ្ណោះក្នុងពិភពសិល្បៈ បើទោះជានាងជាសមាជិកចម្រៀង ដែលបង្កើតឡើងដោយក្រុមហ៊ុនមហោសថ និងធ្លាប់ក្ដាប់កម្មវិធី �អេវ័ន ខនសឺត� របស់ស៊ីធីអិន ដែលភាគច្រើនមានអ្នកគាំទ្រច្រើន កាលពីប៉ុន្មានឆ្នាំមុនក្ដី។
ប៉ុន្តែបើនិយាយដល់ការងារភាពយន្ត តារារូបនេះហាក់ទទួលបានភាពលេចធ្លោជាង ពោលគឺនាងត្រូវបានមហាជនកោតសរសើរថា អាចសម្ដែងបានល្អគ្រប់ឈុត ពិសេសជាតួកាច និងជាតួក្រមិចក្រមើម ដូចធ្លាប់បញ្ចេញស្នាដៃក្នុងរឿង �ល្មមហើយលោកប្ដី� និងរឿង �កូនភ្លោះចម្លែក� កន្លងមកជាដើម។
ខណៈដែលនាងក៏ប្រកាសក្ដែងៗថា នឹងត្រូវចេញសម្ដែងឲ្យបានជោកជាំ ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួននោះ ញឹម ចាន់ថន ហាក់កំពុងឈានដល់ចំណុចស្ងប់ស្ងាត់ផ្ទុយពីអ្វីដែលធ្លាប់រំពឹង នៅពេលគ្មានខាងទូរទស្សន៍ ឬផលិតកម្មណាមួយ ទាក់ទងឲ្យថតទាល់តែសោះ រហូតមកដល់ពេលនេះ។
តារាដែលបាត់បង់ឱកាសកើបចំណូលពីផលិតកម្មនានា រូបនេះ ថ្លែងថា៖ �ខ្ញុំអត់មានអ្នកទាក់ទងឲ្យចេញថតទេ! ខ្ញុំចាំតែមើលដែរហ្នឹង តែវាអត់!�។
ញឹម ចាន់ថន អះអាងថា ក្រៅពីភារៈ ឡើងទៅកុម្ម៉ង់សម្លៀកបំពាក់នៅប្រទេសជិតខាងពីរបីដងក្នុងមួយ ខែ ដើម្បីផ្គត់ផ្គង់នៅហាង យីហោ �ចាន់ថន សប� ដែលកំពុងពាក់ស្លាកថា �ហាងសេង� នៅម្ដុំរោងកុនលុច្សរបស់ខ្លួន នាងមិនសូវមានភាពមមាញឹកអីមែន។
នាងបញ្ជាក់ថា សព្វថ្ងៃបើកុំតែបានចំណូលពីហាងលក់សម្លៀកបំពាក់ទប់ខ្លាំង កុំអីមិនអាចឲ្យនាងរត់រួចនឹងកម្មវិធីតារាសិល្បៈ ដែលបន្តកន្ទុយគ្នា តាមហៅដល់ហាង មិនលើកពេលថ្ងៃសៅរ៍ ឬអាទិត្យនោះឡើយ។
តារា ដែលបណ្ដោយឲ្យខ្លួនក្លាយជានារីឡើងទម្ងន់ រហូតបាត់បង់រាងស្វែល បានថ្លែងបែបលេងបន្លំមែនថា៖ �បានអីថែសម្រស់ បើលុយរកបាន កាត់តែសម្លៀកបំពាក់ សម្រាប់ចូលរួមកម្មវិធីតូចធំអត់ចង់គ្រប់ផងហ្នឹង ម្យ៉ាងខ្ញុំមិនសូវមានការងារសិល្បៈ ទើបចេះតែខ្ជិល!�។
ភាពស្ងប់ស្ងាត់របស់នាងនាពេលនេះ ត្រូវបានគេអះអាងថា មានជាប់ពាក់ព័ន្ធនឹងភាពក្រអឺតក្រទម ដែលនាងបដិសេធមិនទទួលសម្ដែងក្នុងសាច់រឿងខ្លះដែលខ្លួនមិនពេញ ចិត្ត ពិសេសក្នុងពេលចរចាគ្នាមិនត្រូវតម្លៃខ្លួន។
ម្ចាស់ផលិតកម្មមួយរូបបានប្រាប់ �ភ្នំពេញ ប៉ុស្តិ៍� ថា តាំងពីនាងឡើងកូដ ក្នុងតំណែងជាតារាភាពយន្តមក គឺនាងមិនចេះតែទទួលថតទេ ពោលគឺប្រកាន់តម្លៃខ្ពស់ ហើយក៏ទាមទារកុម្ម៉ង់សាច់រឿងខ្លះ សម្រាប់តួរបស់នាងផងដែរ។
ញឹម ចាន់ថន ថ្លែងពាក់ព័ន្ធនឹងរឿងនេះថា៖ �មានអ្នកទាក់ទងឲ្យថតអ៊ីចឹងមែន តែឲ្យថោកៗ ហើយកុម្ម៉ង់អ៊ីចឹងអ៊ីចុះពេក ទើបខ្ញុំមិនទទួល។ ម្យ៉ាងខ្ញុំឥឡូវខ្ជិលណាស់ បើជ្រុលតែអត់ឲ្យអត់តែម្ដងទៅ កុំឲ្យវាអន់ពេក�។
នាងបដិសេធ ចំពោះការបំផ្លើសថា ខ្លួនទាមទារកុម្ម៉ង់សាច់រឿង និងប្រកាន់យកតែតំណែងជាតួសំខាន់ ធ្វើឲ្យខាងផលិតកម្មឈឺក្បាល បើចង់បាននាងជាតួសម្ដែង។ ជាមួយនឹងការច្រានចោល នាងបញ្ជាក់យ៉ាងខ្លីថា សម្រាប់នាង តួណាក៏នាងទទួលដែរ ឲ្យតែត្រូវថ្លៃគ្នា ប៉ុន្តែចំពោះតម្លៃខ្លួនគឺមិនខុសគ្នាទេ ទោះឲ្យសម្ដែងតួអ្វីក៏ដោយ។
តារាដែលប្រកាន់ជំហរមិនទម្លាក់តម្លៃខ្លួន តាមការតថ្លៃពីម្ចាស់ផលិតកម្ម ដែលបោះទុនកាក់ល្អិតនោះ ថ្លែងទាំងអារម្មណ៍សោកស្ដាយ ចំពោះភាពធ្លាក់ចុះនៃសិល្បៈទីប្រាំពីរនោះថា ការពិតរឿងខ្មែរ ដែលគេហ៊ានចំណាយទុនធំ គឺមិនខ្វះអ្នកទស្សនាទេ ដូចជារឿងទុំទាវ និងនេសាទក្រពើជាដើម តែមកខាងផលិតករ ចង់តែធ្វើនំចាយម្សៅ និងគ្រឿងតិចពេកទើប សិល្បៈងើបក្បាលអត់រួច។ ម៉្យាងវិញទៀតនាងក៏បានបន្ទោសដល់សកម្មភាពលួចចម្លងខុសច្បាប់ នោះផងដែរ។
ញឹម ចាន់ថន រូបនេះ ស្ដែងចេញនូវអារម្មណ៍សាំភាពធ្លាក់កូដរបស់ខ្លួននោះថា៖ �យើងស្ងាត់ប៉ុណ្ណឹង ខ្ញុំថាមិនប៉ុន្មានទេ បើតួគេផ្សេងខ្លះ រកតែភាពយន្តថតអត់បានដែរហ្នឹង!�៕
http://khmer.phnompenhpost.com/index...tyle&Itemid=79