ភ្នំពេញៈ បុរសរូបសង្ហាសំដីផ្អែមស្រទន់ មានមន្តស្នេហ៍ លោក សាយ សៀរ៉ា បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះ លោកមានការមមាញឹក ជាមួយការងារក្នុងស្រុកច្រើន មិនសូវទំនេរទេ ទោះជារដូវវស្សាក៏ដោយ ហើយមានពេល ខ្លះត្រូវអាក់ខាន មិនបានចេញទៅសម្តែង នៅក្រៅប្រទេសថែមទៀតផង ។
តារាសម្តែង មានឈ្មោះបោះសំឡេង និងឆក់បានតំណែងតួឯកប្រុស ជាច្រើនរឿង សាយ សៀរ៉ា បានបង្ហើបប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣នេះថា បច្ចុប្បន្នលោកមាន ការមមាញឹកជាមួយ ការងារច្រើន ទាំងការថតស្ពត ថតខារ៉ាអូខេ ថតរឿងជាដើម ។ ថ្មីៗនេះ លោកក៏កំពុងតែបន្ត ថតរឿងថ្មីមួយទៀត ដែលជាជីវប្រវត្តិរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយនៅក្នុងខ្សែភាពយន្តនេះ គឺមានសិល្បករ-សិល្បការិនី ល្បីឈ្មោះជាច្រើន ចូលរួមសម្តែង។
តារាម៉ូដែល រាងខ្ពស់ស្រឡះ លោក សាយ សៀរ៉ា បានប្រាប់ឲ្យដឹងបន្តទៀតថា នៅក្នុងរឿងនេះ គឺខ្ញុំដើរតួជាប្អូន ប្រុសបង្កើតរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ហើយ លោក យ៉ែម សំអូន និងភរិយា ដើរជាតួឯកប្រុស និងតួឯកស្រី (លោក ទៀ បាញ់ និងលោកជំទាវ) ហើយនៅថ្ងៃស្អែកនេះ ខ្ញុំនឹងតារាល្បីៗឈ្មោះមួយចំនួន ត្រូវនាំគ្នាធ្វើដំណើរទៅថតរឿងនេះវគ្គបន្តនៅខេត្តកោះកុង។
លោកបានបន្តទៀតថា ដោយសារតែក្នុង មួយរយៈពេលនេះ លោកមានការរវល់បែបនេះ ទើបត្រូវផ្អាកមិន ទទួលការអញ្ជើញ ទៅសម្តែងនៅ ក្រៅប្រទេស ដូចតារាដទៃ ដែលពួកគេមានការមមាញឹក ក្នុងការរៀបចំឯកសារ ចេញក្រៅប្រទេស។ តែបើដល់ពេលណា ដែលលោកទំនេរ អាចដកឃ្លាបាន ទើបចាប់ផ្តើមគិតពីគម្រោងថា ត្រូវចេញទៅប្រទេសណា ហើយទៅប៉ុន្មា នខែពេលក្រោយ ។
បើតាមលោក សាយ សៀរ៉ា សម្រាប់ការចេញ ទៅក្រៅប្រទេស និងធ្វើការក្នុងប្រទេស គឺអាចរកចំណូល មិនច្រើនជាងគ្នាប៉ុន្មានទេ គ្រាន់តែថា លោកមិនចង់ចេញក្រៅ ដោយទុកការងារនៅក្នុង ស្រុកចោលនោះទេ ខ្លាចធ្វើឲ្យការងារ ដែលទទួលហើយ មានការប៉ះពាល់ ដោយសាររូបលោក ៕


ដោយ ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល