ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់ថៃ កាលពីម្សិលមិញបានធ្លាក់ នៅភាគខាងជើងនៃប្រទេសនេះ បណ្ដាលឱ្យមន្ដ្រីយោធាទាំង ៩រូប ត្រូវបាត់បង់ជីវិត។

/

ឧទ្ធម្ភាគចក្រយោធាខាងលើ ប្រើស្លាបកង្ហាពីរ ប្រើប្រាស់ម៉ាស៊ីន Bell 212 ចំនួនពីរ បានធ្លាក់ បន្ទាប់ពីហោះឡើងពីបន្ទាយមួយនៅក្នុងខែត្រ Phayao មានចម្ងាយពីក្រុងបាងកក ប្រមាណជា ៥៩០គីឡូម៉ែត្រ នេះបើតាមទំព័រ Reuters ដែលបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យយោធាថៃ លោក Sirijan Ngathong។

នៅលើឧទ្ធម្ភាគចក្រនេះ មានមន្ដ្រីយោធា ៩នាក់ ក្នុងនោះក៏មានលោកឧត្ដមសេនីយ៍ Songphol Thongjeen មេបញ្ជាការរងនៃភូមិភាគ ៣ ដែលទទួលខុសត្រូវនៅតំបន់ភាគខាងជើងប្រទេសថៃ។ មន្ដ្រីយោធាថៃ ឱ្យដឹងថា មូលហេតុនៃករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ កំពុងត្រូវបានស្រាវជ្រាវ។

/

ឧទ្ធម្ភាគ​ចក្រ​ប្រភេទ Bell 212 មួយ​គ្រឿង​របស់​យោធា​ថៃ

សូមរំលឹកថា ប្រទេសថៃ ធ្លាប់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ឧទ្ធម្ភាគចក្រយោធា ជាច្រើនលើកមកហើយ ក្នុងនោះ ឆ្នាំ ២០១១ កើតឡើងចំនួន ៣ករណី បណ្ដាលឱ្យមនុស្ស ១៧នាក់ស្លាប់ នាំឱ្យថៃ បញ្ឈប់ការប្រើប្រាស់ឧទ្ធម្ភាគចក្រ Bell 212 ។ បញ្ហាម៉ាស៊ីន និងការមើលមិនបានឆ្ងាយ ត្រូវបាន​គេចាត់ទុកថាជាមូលហេតុបង្កគ្រោះថ្នាក់ទាង​នេះ ដូច្នេះ ឧបទ្ទវ​ហេតុ​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ Bell 212របស់​ថៃ កាល​ពី​ម្សិល​មិញ​ ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​រអាក់​រអួល​នៃ​គ្រឿង​ម៉ាស៊ីន៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Reuters