ភ្នំពេញ៖ តារាសម្តែងសម្បូររឿង អាស្រូវស្នេហា នាង មាស សម្ផស្ស កាលពីពេលថ្មីៗ កន្លងទៅនេះ ត្រូវបានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយបានលើកឡើងថា នាងមិនបានចូលរួម សម្តែងខារ៉ាអូខេ (ថត MTV) ឲ្យផលិតកម្ម ថោន ដើម្បីត្រៀមលក់ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឡើយ ។

តារាសម្តែងមានមន្តស្នេហ៍ឆ្លងទ្វីប មាស សម្ផស្ស បានប្រាប់បណ្តាញសារព័ត៌មាន ដដែលនេះថា នាងមានការសោកយ៉ាងខ្លាំង ដោយមិនបានចូលរួមថត MTV ឲ្យផលិតកម្ម ថោន ដែលជាលើកទី១ សម្រាប់ការថតឲ្យ ផលិតកម្មមួយនេះ ព្រោះនាងត្រូវចេញទៅធ្វើ ជំនួញនៅខាងក្រៅប្រទេស ។ តែអ្វី ដែលធ្វើឲ្យមហាជនចំឡែក ក្នុងចិត្តនោះនៅត្រង់ថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ គេបានឃើញវត្តមាន របស់តារាសម្តែងសាច់សរ កញ្ញា មាស សម្ផស្ស យ៉ាងព្រងើយនៅផលិតកម្ម ថោន ក្នុងឱកាសថត MTV ត្រៀមបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណវត្ត ប្រាសាទ ។

ការលេចមុខរបស់ស្រីស្រស់ មាស សម្ផស្ស នៅក្នុងឱកាសនោះ ត្រូវបានអ្នកសិល្បៈជាច្រើន ដែលទៅចូលរួមក្នុងការថត MTV របស់ផលិតកម្ម ថោន នាពេលនោះ មានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាលេចមុខកញ្ញា មាស សម្ផស្ស នៅថ្ងៃនេះវិញ ? ព្រោះនាងបានប្រាប់បណ្តាញ សារព័ត៌មានក្នុងស្រុកថា ត្រូវជាប់រវល់ចេញទៅ ក្រៅប្រទេសដើម្បីធ្វើមុខជំនួញ ចុះហេតុអ្វីបានជានាង មិនបានចេញទៅ ដូចអ្វីដែលនាងបានប្រាប់សារព័ត៌មាន កាលពីពេលកន្លងមក ?

បញ្ហានេះត្រូវបានអ្នកនៅក្នុងចង្កោមសិល្បៈ ក៏ដូចជាអ្នកតាមដានសកម្មភាព តារាខ្មែរមួយចំនួន នៅមានចម្ងល់និងមន្ទិល សង្ស័យក្នុងចិត្តយ៉ាងខ្លាំង ពីបញ្ហាដែលនាងមិនបាន ចេញទៅក្រៅប្រទេស ដូចដែលនាងនិយាយប្រាប់កន្លងមក ។ ជុំវិញព័ត៌មាននេះ LookingTODAY មិនអាចសុំការទាក់ទង ស្រាយការបំភ្លឺបញ្ជាក់មូលហេតុពីតារាសម្តែង មាស សម្ផស្ស ដើម្បីជម្រះមន្ទិលសង្ស័យឲ្យ មហាជនបានដឹង ជាក់ច្បាស់នោះឡើយ ។

តែទោះយ៉ាងណា LookingTODAY រីករាយនឹងស្វាគមន៍ជានិច្ច ចំពោះការចេញ មុខបកស្រាយរបស់ កញ្ញា មាស សម្ផស្ស ដើម្បីឲ្យអស់មន្ទិលសង្ស័យ ពីសំណាក់មហាជនទូទៅ ៕

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល