បុរសជនជាតិហ្វាងឡង់វ័យក្មេងម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីធ្លាក់ពីជាន់ទីបួននៃសណ្ឋាគារតូចមួយ នៅទីក្រុងឆ្នេរកោះ ប៉ាតាយ៉ា កាលពីរសៀលថ្ងៃពុធ។

បុរសម្នាក់ ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ Hautamaki Mikko Veu Samuel អាយុ ៣៣ ឆ្នាំត្រូវបានគេប្រទះឃើញដេកដួលលើដី ដោយមានរបួសក្បាល និងស្នាមជាំជាច្រើនកន្លែងនៅក្បែរសណ្ឋាគារ Arya Inn Pattaya នៅតំបន់ Soi Honey ទីក្រុងផាតតាយ៉ា។ ប៉ូលិស និងអ្នកជួយសង្គ្រោះ បានទៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវបានគេជូនដំណឹង នៅម៉ោង ៣ រសៀលថ្ងៃពុធ។ ពួកគេ បានធ្វើការសង្រ្គោះបឋម បន្ទាប់មក បានបញ្ជូនបុរសរងគ្រោះ ទៅកាន់មន្ទីរពេទ្យក្បែរនោះ។ សណ្ឋាគារ ដែលមានអាគារកម្ពស់ចំនួនបួនជាន់ ដែលត្រូវបានសង់ជាប់ៗគ្នា មានបារស្រាបៀរមួយ នៅជាន់ផ្ទាល់ដី និងបន្ទប់គេងមួយចំនួន នៅជាន់ខាងលើ។

បុគ្គលិកបម្រើស្រាបៀរម្នាក់ បានប្រាប់ប៉ូលីសថា ជនជាតិហ្វាំងឡង់ម្នាក់​នេះ បានចូលទៅក្នុងបន្ទប់មួយនៅជាន់ទី ៤ កាលពីព្រឹកថ្ងៃពុធ ហើយមិនបានបង្ហាញសញ្ញានៃការប្រព្រឹត្ដចម្លែកអ្វីនោះទេ។ មិនយូរប៉ុន្មាន នាងបានលឺសម្លេងយ៉ាងខ្លាំង ហើយដំបូងឡើយនាងគិតថា ប្រហែលជាប្រព័ន្ធម៉ាស៊ីនត្រជាក់ ផ្ទុះហើយ។ តាមរយៈការពិនិត្យរកមើល នាងបានប្រទះឃើញភ្ញៀវទេសចរម្នាក់រងរបួស ដេកដួលក្នុងចន្លោះតូចចង្អៀតមួយរវាងអគារពីរ។ /

ប៉ូលីស មិនទាន់កំណត់បានថា តើការធ្លាក់របស់បុរសនេះ កើតឡើងដោយចេតនា ឬដោយចៃដន្យនោះទេ។ ពួកគេគ្រោងនឹងសួរចម្លើយបុរសរងគ្រោះ៕

/

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ប៊ីប៊ីសុី