គួរយល់ដឹង ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានradioaustralia កាលពីពេលកន្លងទៅនេះអោយដឹងថា អ្នកវិទ្យាសាស្រ្តអូស្ត្រាលីបានរកឃើញនូវរបកគំហើញដ៏សំខាន់មួយស្តីពីមូលហេតុដែលប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់អាចសម្លាប់មនុស្សមួយចំនួន ប៉ុន្តែមនុស្សមួយចំនួនទៀតមិនស្លាប់ដោយសារមេរោគនេះ។
គួររំឭកផងដែរថា អ្នកវិទ្យាសាស្រ្តមកពីសាលាវិទ្យាសាស្រ្តសុខាភិបាលជាន់ខ្ពស់នៃសាកលវិទ្យាល័យMacquarie នៅទីក្រុងស៊ីដនីយ៍បានរកឃើញថា ម៉ូលេគុលមួយចំនួននៅក្នុងកោសិកាឈាមក្រហមអាចសម្លាប់មេរោគដែល បង្កជំងឺគ្រុនចាញ់។

របកគំហើញនេះមានសារៈសំខាន់ណាស់ ពីព្រោះប្រជាជនដែលមានដើមកំណើត នៅទ្វីបអាហ្វ្រិកពុំមាន ម៉ូលេគុលនេះដើម្បីការពារខ្លួនប្រឆាំងនឹងមេរោគគ្រុនចាញ់ទេ ។ បើតាមក្រុមអ្នកស្រាវជ្រាវនេះបានឲ្យដឹងថា ការស្រាវជ្រាវនេះអាចពន្យល់នូវមូលហេតុដែលធ្វើឲ្យប្រជាជនអាហ្រ្វិកភាគច្រើនស្លាប់ដោយសារជំងឺនេះ ជាពិសេសគឺកុមារដែលមានអាយុក្រោម ៥ឆ្នាំ។
នៅឆ្នាំ ២០១០ ប្រជាជនកន្លះលាននាក់បានបាត់បង់ជីវិត ដោយសារជំងឺគ្រុនចាញ់ ដែលភាគច្រើនរស់នៅទ្វីបអាហ្រ្វិក។របកគំហើញនៃការស្រាវជ្រាវនេះមានបោះពុម្ពផ្សាយនៅក្នុងទស្សនា វដ្តីវិទ្យាសាស្រ្ត៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ radioaustralia