អភិបាលរដ្ឋ California លោក Gavin Newsom បានចុះហត្ថលេខា លើបទបញ្ជា កាលពីថ្ងៃសុក្រ ដើម្បីដកចេញនូវការរឹតបន្ដឹងបន្ទាន់ ដែលបានដាក់ចេញ ក្នុងគោលដៅបង្ការការរីករាលដាលនូវជំងឺកូវីដ-១៩ ។ គិតត្រឹមថ្ងៃថ្ងៃទី ១៥ ខែមិថុនា វិធានរឹតបន្ដឹងដូចជា ការរក្សាគម្លាតសុវត្ថិភាព  ការកម្រិតសមត្ថភាព នឹងត្រូវដកចេញ ដោយសារតែករណីឆ្លង និងមរណៈភាពដោយសារវីរុសកូរ៉ូណា បន្ដថយចុះជាលំដាប់ ។

/

ក្នុងចំណោមបទបញ្ជារដ្ឋកាលីហ្វូញ្ញ៉ាចំនួន ៥៨ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ រដ្ឋនេះរំពឹងថា នឹងត្រូវដកចេញ ៩០% ត្រឹមខែកញ្ញា ។ បទបញ្ជារបស់ស្ថាប័ននីតិប្រតិបត្ដិទាំងនេះ ប៉ះពាល់ឧស្សាហកម្មជាច្រើនផ្នែកដូចជា តម្រូវឱ្យឧស្សាហកម្មទាំងនោះ ស្នើសុំលិខិតអនុញ្ញាតសម្រាប់ឧស្សាហកម្មផលិតជែលលាងដៃសម្លាប់មេរោគ ជាដើម ។

គិតត្រឹមថ្ងៃទី ៩ ខែមិថុនា ពលរដ្ឋរដ្ឋកាលីហ្វូញ្ញ៉ាជាងពាក់កណ្ដាញ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ដោយវ៉ាក់សាំងប្រមាណជាង ៤០ លានដូស ត្រូវបានចាក់ជូនប្រជាពលរដ្ឋ ។ លោក Newsom បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយថ្លែងថា៖” ជាលទ្ធផលនៃវិធានការដ៏មានប្រសិទ្ធភាព ដែលប្រជាជនរដ្ឋកាលីហ្វូញ្ញ៉ាអនុវត្ដ ព្រមទាំងការចូលរួមវិភាគទានជាប់មិនដាច់ និងប្រកបដោយជោគជ័យនៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ រដ្ឋកាលីហ្វូញ្ញ៉ា ទទួលបានផ្លែផ្កាល្អប្រសើរ បន្ទាប់ពីឆ្លងកាត់យ៉ាងលំបាក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ “។

ក្រសួងសុខភិបាលរដ្ឋកាលីហ្វូញ្ញ៉ា ក៏បានចេញនូវគោលការណែនាំថ្មីសម្រាប់បុគ្គលគ្រប់រូប ។ តាមរយៈគោលការណ៍ណែនាំថ្មីស្ដីពីការគ្របមុខ ផ្នែកដឹកជញ្ជូនសាធារណៈ ចាំបាច់ត្រូវតែពាក់ម៉ាស់ រក្សាឱ្យបាននូវទម្លាប់ថែទាំងសុខភាព ។ ម្យ៉ាងទៀត ការរឹតបន្ដឹងមួយចំនួនទៀត នឹងបន្ដអនុវត្ដ ដើម្បីហាមឃាត់ព្រឹត្ដិការណ៍ជួបជុំគ្នាដូចជា ព្រឹត្ដិការណ៍ជួបជុំគ្នាក្នុងទីបិទជិត ដែលមានមនុស្សចូលរួមជាង ៥០០០ នាក់ ឬព្រឹត្ដិការណ៍ជួបជុំគ្នាខាងក្រៅអាគារ ដែលមានមនុស្សចូលរួម ១០,០០០ នាក់ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist