ភ្នំពេញៈ តារាសម្តែងរាងតូចច្រឡឹង រូបស្រស់សាច់ទ្រូង មូលក្លំសម៉ដ្ឋរលោង កញ្ញា ស៊ុំ សុម៉ាលី ដែលកន្លងមកធ្លាប់ លេចឮព័ត៌មានថា នាងបានសម្រេចចិត្ត ផ្អាកការងារសិល្បៈ ទាំងមិនស្តាយស្រណោះ ហើយប្រហែលជា មានអ្នកចាំជួយទំនុកបម្រុង នាងពីក្រោយខ្នងនោះ ត្រូវបានតារាស្រីរូបនេះ បង្ហើបប្រាប់ឲ្យដឹងថា ការដែលនាង បាត់វត្តមានពីពិភពសិល្បៈនោះ ដោយសារតែនាងមានបំណងចង់ បើកជំនួញថ្មីមួយ ដើម្បីឲ្យមានការភ្ញាក់ផ្អើល។
តារាស្រីដែលចូលចិត្ត ភាពក្រម៉ិចក្រម៉ើម កញ្ញា ស៊ុំ សុម៉ាលី បានប្រាប់នៅក្នុង ជំនួបជាមួយ Looking TODAY នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣នេះថា ក្នុងមួយរយៈពេល ចុងក្រោយនេះ នាងមិនសូវបានទទួលការងារ សិល្បៈប៉ុន្មានទេ ព្រោះតែជាប់ដៃរវល់ ឡើងចុះក្រៅប្រទេសពេក ទើបមិនសូវមានពេល ទទួលការងារ រហូតដល់បាត់មុខពី សិល្បៈមួយរយៈ ធ្វើឲ្យទស្សនិកជន យល់ច្រឡំថា នាងឈប់ពីការងារសិល្បៈ ។
តារាស្រីវ័យក្មេង រូបស្រស់សោភាចូលចិត្ត បង្អួតស្នាមញញឹម បង្កប់ដោយមន្តស្នេហ៍ ស៊ុំ សុម៉ាលី បានប្រាប់ឲ្យដឹងថា មួយរយៈពេលនេះ ខ្ញុំកំពុងតែមានគម្រោង ក្នុងការត្រៀមបើករបររកស៊ីមួយ ដែលតម្រូវឲ្យខ្ញុំ ត្រូវឡើងចុះក្នុង និងក្រៅស្រុកញឹកញាប់ ដើម្បីហាត់រៀនមើលការងារ មុននឹងជំនួញដែលខ្ញុំ ត្រៀមបើកលេច ចេញជារូបរាង។ខ្ញុំបើកជំនួញនេះដែរ មិនមែនមានន័យថា ខ្ញុំបញ្ចប់អាជីពសិល្បៈ ទាំងស្រុងទេ គ្រាន់តែដកខ្លួន មិនសូវទទួលការងារ ច្រើនដូចមុន ដូចជាការសម្តែងរឿង គឺមិនទទួលទេ ព្រោះចង់ទុក ពេលសម្រាប់ការងារ រកស៊ីឲ្យច្រើនសិន។
ដោយឡែកចំពោះ ព័ត៌មានដែលគេចុះផ្សាយថា នាងព្យាយាមគេចវេស មិននិយាយ ជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធ នឹងរឿងនេះ ត្រូវបានតារាស្រី រូបស្រស់ ដែលធ្វើឲ្យទស្សនិកជនស្គាល់ ច្រើនតាមរយៈ ការសម្តែងរឿង កូនឥតខាន់ស្លា ស៊ុំ សុម៉ាលី បា្រប់ឲ្យដឹងថា មកពីនាងឧស្សាហ៍ចេញ ចូលក្នុង និងក្រៅប្រទេស ។ ដូច្នេះនៅពេលដែលនាងចេញក្រៅ ទូរស័ព្ទត្រូវបិទ ជាក់ស្តែង នៅពាក់កណ្តាលខែ ក្រោយនេះ នាងក៏ត្រៀម ចេញទៅក្រៅទៀតដែរ។
ចំណែកការថត គឺនាងនៅតែទទួល ការងារថតស្ពត ថតកាយវិការ ខារ៉ាអូខេ ដដែល តែការថតរឿង គឺនាងពន្យាពេលឬ ក៏អាចនិយាយបានថា ឈប់ទទួលក៏ថាបានព្រោះការថតរឿងចំណាយពេលយូរ នាងគ្មានពេល គ្រប់គ្រាន់សម្រាប់ ផ្តល់ឲ្យគេ ទើបតម្រូវឲ្យ នាងផ្អាកសិន។ ទោះបីជាតារាស្រី រូបស្រស់កញ្ញា ស៊ុំ សុម៉ាលី បានបង្ហើបពេញៗមាត់ថា នាងកំពុងតែមានគម្រោង បើកជំនួញរកស៊ីក៏ដោយតែនាងហាក់ដូចជា មិនចង់និយាយបង្ហើប ពីរបររកស៊ីថ្មីនេះ ឲ្យលម្អិតទេ ពោលបានបញ្ជាក់ថា សុំលាក់សិន៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល