លោក Lee Hsien Loong នាយករដ្ឋមន្រ្ដីនៃប្រទេសសិង្ហបុរី កាលពីថ្ងៃចន្ទកន្លងទៅនេះ បានទាញហេតុផលថា អ្នកកាសែតប្រចាំតំបន់ម្នាក់នេះ គួរសងជំងឺចិត្ដលោកឱ្យក្រាស់ក្រែល ពីបទបរិហាកេរ្ដិ៍លើរូបនេះ ។ អ្នកកាសែត អ្នកស្រី Rubaashini Shunmuganathan ពុំបានបង្ហាញខ្លួន នៅក្នុងសវនាការវាយតម្លៃនូវទំហំខូចខាតជាក់ស្ដែងនោះទេ កាលពីថ្ងៃចន្ទនេះ ។

/

អ្នកស្រី Shunmuganathan ត្រូវតែទទួលខុសត្រូវចំពោះសំណងលើការខូចខាត សម្រាប់បទបរិហាកេរ្ដិ៍ បើទោះជាលោកស្រីពុំបានបង្ហាញខ្លួន នៅសវការ នៅចុងឆ្នាំ ២០១៩ ក្ដី ។ អ្នកស្រីបម្រើការឱ្យគេហទំព័រព័ត៌មាន The Online Citizen ដែលជាគេហទំព័រព័ត៌មានអនឡាញឯករាជ្យដ៏មានវ័យចំណាស់បំផុតមួយប្រចាំប្រទេសនេះ ។ អត្ថបទប្រកបដោយមន្ទិលសង្ស័យនេះ បានបញ្ចូលនូវបទអត្ថាធិប្បាយ ដែលធ្វើឡើងដោយប្អូនប្រុសរបស់លោក Lee អំពីទំនាស់ទ្រព្យសម្បត្ដិគ្រួសារ ដែលក្នុងនោះ លោក Lee បាននិយាយបំភាន់សាធារណជនថា ឪពុករបស់លោក និងជាអតីតនាយករដ្ឋមន្រ្ដីសិង្ហបុរី បាន  ធ្វើអច័្ចយទាន(ចែកមរតក) ដល់រូបលោកនូវផ្ទះប្រចាំគ្រួសារ  នៅពេលលោកទទួលមរណភាព ។

លោក Lee បានចោទប្រកាន់ អ្នកស្រី Shunmuganathan និងអ្នកនិពន្ធរបស់អ្នកស្រីម្នាក់ទៀត ដែលក៏ត្រូវបានលោកប្ដឹងពីបទបរិហាកេរ្ដិ៍ផងដែរនោះ ថា ពុំបានត្រួតពិនិត្យខ្លឹមសារពិតប្រាកដឱ្យបានត្រឹមត្រូវ មុនពេលចុះផ្សាយនោះទេ ។  

/

នាយករដ្ឋមន្រ្ដីរូបនេះបានលើកការចោទប្រកាន់ថា៖” អ្នកកាសែតរូបនេះ បានសរសេរអត្ថបទទាំងប្រថុចញុច  ដោយពុំខ្វល់ថាតើ ទឡ្ហីករ ដែលលើកឡើងទាំងប្រមាថនេះ ជាការពិត ឬក៏អត់ ។  រឿងនេះ បង្ហាញឱ្យឃើញថា ចុងចោទ មានចរិតលក្ខណៈព្រហើន និងមានគំនិតព្យាបាទយ៉ាងច្បាស់ក្រឡែត ។ អត្ថបទ មានចំណុចចោទប្រកាន់ទាំងបំភ្លើសចំពោះរូបខ្ញុំ ក្នុងនាមជានាយករដ្ឋមន្រ្ដីសិង្ហបុរី ដែលខ្លឹមសារក្នុងអត្ថបទនោះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងមហិមា និងចែករំលែកសុះសាយ នៅលើបណ្ដាញអ៊ីនធឺណិត និងលើទំព័របណ្ដាញសង្គមនានា។  អត្ថបទនេះ ត្រូវបាននិពន្ធឡើង ដើម្បីទាក់ទាញអ្នកអានជាអតិបរិមា ក្នុងចំណោមពលរដ្ឋសិង្ហបុរី ពីព្រោះវាបានវាយប្រហារលើរូបខ្ញុំ និងភាពស្មោះត្រង់់ និងសុចរិតភាពរបស់ខ្ញុំ “។

ប្រទេសសិង្ហបុរី មានច្បាប់ដ៏តឹងរឹង ស្ដីពីការចុះផ្សាយមាតិកាអនឡាយ ។ ក្រមស្ដីពីកិច្ចការពារពីព័ត៌មានក្លែងក្លាយ និងការចាត់ចែង ឆ្នាំ ២០១៩ តម្រូវឱ្យស្ថាប័នកាសែត ត្រូវបោះផ្សាយសេចក្ដីកែតម្រូវនូវខ្លឹមសាររឿង  ដែលរដ្ឋាភិបាលចាត់ទុកថា ជារឿងមិនពិត ។ រដ្ឋាភិបាល ក៏អាចចេញបញ្ជាឱ្យដកចេញនូវមាតិកាពីគេហទំព័របណ្ដាញសង្គមផងដែរ ។ ប្រទេសនេះ ពុំបានផ្ដល់សិទ្ធិចំពោះសេរីភាពបញ្ចេញមតិឡើយ ដោយសារតែខ្លួន មិនបានចុះហត្ថលេខា ឬ ផ្ដល់សច្ចាប័នលើសន្ធិសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនោះទេ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist